ឯកឧត្ដម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគ របស់វិនិ-យោគិនជប៉ុនទាំងអស់ នៅកម្ពុជា
ភ្នំពេញ៖វិនិយោគិនជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាចាំ
បាច់ ដើម្បីបង្កើតបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូ អនាយក
រដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២ នៃ
គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ រសៀលថ្ងៃចន្ទ ៧រោច ខែស្រាព
ណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។ ក្នុងកិច្ចប្រជុំ
នោះក៍មានវត្តមាន ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូត ជប៉ុន នឹងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល,ទីភ្នាក់ងារ
សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ចំនួនប្រមាណ ១៣០ រូប ។ កិច្ចប្រជុំទ្វេភាគីនេះ ជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និង
ជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្រ្តីជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ។
នៅក្នុងឱកាសកិច្ចប្រជុំលើកទី២២នេះ ភាគីទាំងពីរបានបន្តពិភាក្សាលើរបៀបវារៈអាទិភាពមួយចំនួនរួមមាន៖ ១- ប្រាក់ឈ្នួលគោលអប្បបរមា និងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ២- កាតព្វកិច្ចពន្ធដារ, ៣- ឡូជីស្ទិក, ៤- ការផ្គត់ផ្គង់និងតម្លៃអគ្គិសនី, ៥- ការនាំចូលរថយន្ត ៦- គម្រោងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និង ៧- ការរៀបចំសិក្ខាសាលាស្វែងយល់ពីរបៀបប្រើប្រាស់ ប្រព័ន្ធទិន្នន័យស្ដីពីសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់)។
ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ ចំពោះការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ ដែលបានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សស្របតាមការចង្អុលបង្ហាញ នៃគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាចក្ខុវិស័យ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ ឱ្យបានត្រឹមឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានផ្ដល់ការឧបត្ថម្ភសម្ភារបរិក្ខារវេជ្ជសាស្រ្ត ឡានសង្គ្រោះបន្ទាន់ ព្រមទាំងវ៉ាក់សាំង AstraZenecaចំនួន១លានដូស ដល់កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានសម្ដែងនូវក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរ ANA នឹងចាប់ផ្ដើមការហោះហើរផ្ទាល់រវាងប្រទេសជប៉ុន និងកម្ពុជាឡើងវិញ នាពេលឆាប់ៗ ខាងមុខនេះ ដែលនឹងជួយជំរុញឱ្យទំហំពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរមានការកើនឡើង។
ឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី បានសាទរ និងវាយតម្លៃខ្ពស់ ចំពោះចំណាត់ការយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដែលកម្ពុជាគឺជាប្រទេសទី២ ក្នុងអាស៊ានដែលមានអត្រាប្រជាជនបានចាក់វ៉ាក់សាំងខ្ពស់ជាងគេ ហើយជាលទ្ធផលបានធ្វើឱ្យសភាពការណ៍ នៃការរីករាលដាល ស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាងនេះទៅទៀត ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកប
ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតប ប្រកប
ដោយភាពទន់ភ្លន់ ចំពោះបញ្ហាប្រឈម និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលប្រការនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅដល់វិនិយោគិនគ្រប់រូប ។
ដោយឡែក លោកប្រធាន JBAC បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ជម្នះរាល់បញ្ហាប្រឈមនានា ដើម្បីផ្តល់នូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងបានជម្រាបជូនអង្គប្រជុំពីការប្តេជ្ញាចិត្ត របស់វិនិ-យោគិនជប៉ុន ក្នុងការចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ ១៩។
គួរកត់សម្គាល់ផងដែរថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤៥គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨ប៊ីលានដុល្លារអាមេរិក និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៦៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៤០លានដុល្លារអាមេរិក ៕




