ប្រធានគណៈពង្រឹងមូលដ្ឋាន នាំយកផ្លែមៀនចំនួន ៥តោន ចែកជូនប្រជាពលរដ្ឋក្នុងឃុំពីរ នៅស្រុកខ្សាច់កណ្តាល

កណ្តាល ៖ ប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយឃុំចំនួនពីរ ក្នុងស្រុកខ្សាច់កណ្តាល បាននាំយកផ្លែមៀនចំនួន ៥តោន ចែកជូនប្រជាពលរដ្ឋ នៅក្នុងព្រែកលួង និងឃុំព្រែកអំពិល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានចុះជួយឃុំព្រែកលួង និងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងនៅក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងឃុំព្រែកលួង និងឃុំព្រែកអំពិលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ នេះថា ផ្លែមៀនដែលយកមកចែកជូននាពេលនេះ គឺជាការបញ្ជាទិញ តាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ចម្ការ ដែលកំពុងមានបញ្ហាខ្វះទីផ្សារ ដោយសារតែការរីករាលដាលនៃជម្ងឺកូវី-១៩ ធ្វើឲ្យប្រទេសជិតខាងបានផ្អាកការបញ្ជាទិញជាបណ្តោះអាសន្ន ។

ឯកឧត្តម បន្តថា ការបញ្ជាទិញនាពេលនេះ ពិតជាបានជួយចែករំលែកការលំបាកបានមួយចំណែកពីបងប្អូនយើង នៅក្នុងកាលៈទេសៈ ដែលយើងទាំងអស់គ្នា កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ជាក់ស្តែងការនាំយកផ្លែមៀនចំនួន ៥ តោន ដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការជួយប្រជាកសិករដែលជាអ្នកដាំមៀន និងជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យទទួលបានផ្លែមៀនទុកសម្រាប់ពិសារផងដែរ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បានថ្លែងកោតសរសើរដល់ក្រុមប្រឹក្សាឃុំ និងយុវជនគណៈបក្សឃុំ ដែលតែងតែយកចិត្តទុកដាក់បម្រើ និងជួយយកអាសារដល់ប្រជាពលរដ្ឋបានយ៉ាងសស្រាក់សស្រាំ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺវី៥-១៩។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម បានស្នើឲ្យក្រុមប្រឹក្សាឃុំបន្តជួយគាំទ្រ តាមលទ្ធភាពដល់បងប្អូនដែលប៉ះពាល់ដោយសារកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងឃុំឲ្យបានគ្រប់ៗគ្នា និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្លួនគឺបីកុំ និងបីការពារ។ លើសពីនេះទៅទៀត ឯកឧត្តមបានរំលឹកពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី នៅឆ្នាំ២០២២ និងការបោះឆ្នោតសកល នៅឆ្នាំ២០២៣ខាងមុខ នេះ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួម ដើម្បីការអភិវឌ្ឍភូមិ ឃុំយើង ជាពិសេស គឺការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងថែមទៀត។

នៅក្នុងការចុះសួរសុខទុកនេះដែរ ឯកឧត្តម ប្រធានគណៈពង្រឹងមូលដ្ឋាន បានផ្តល់ថវិការមួយចំនួន ៥០០ដុល្លារអាមេរិក ជូនដល់សាលាបុណ្យទួលអណ្តូង ស្ថិតក្នុងភូមិព្រែកតាមហែម ឃុំព្រែកអំពិល ដើម្បីគូរគំនូរលម្អក្នុងសាលាបុណ្យ សម្រាប់ទីជួបជុំរបស់ពុទ្ធបរិស័ទផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner