អភិបាលខេត្តស្ទឹងត្រែង ផ្តល់ម៉ាស់ជាង ១២ម៉ឺនម៉ាស់ ដល់មន្ទីរសុខាភិបាលខេត្ត កងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង៦ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ខេត្តស្ទឹងត្រែង ៖ សម្ភារៈសុខាភិបាលមានស្រោមដៃ សម្លៀកបំពាក់ការពារកូវីដ និងម៉ាសដែលមានចំនួនជាង ១២ម៉ឺនម៉ាស់ ត្រូវបានអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមជាមួយ រដ្ឋបាលក្រុងស្ទឹងត្រែង និងស្រុក ៥ទៀត ដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៍ខេត្ត នៅរសៀល ថ្ងៃទី៣០សីហាឆ្នាំ២០២១ ។
សម្ភារៈសុខាភិបាល ដែលត្រូវបែងចែកនាពេលនេះ រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលបាន ៣ម៉ឺន ៧ពាន់ ៥០០ម៉ាស់ ,បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ទទួលបាន ៥ពាន់ម៉ាស់ ,ស្នងការរដ្ឋាននគរបាលខេត្ត ១ម៉ឺនម៉ាស់ ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៥ពាន់ម៉ាស់ ,មន្ទីរសុខាភិបាលខេត្ត ២ម៉ឺនម៉ាស់ ស្រោមដៃ ២ម៉ឺន ៥ពាន់គូរ និងសម្លៀកបំពាក់ពេទ្យ ៤៥០កំប្លេ ,រដ្ឋបាលក្រុងស្ទឹងត្រែង ២ម៉ឺនម៉ាស់ ,រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ៥ពាន់ម៉ាស់ ,រដ្ឋបាលស្រុកសេសាន ៥ពាន់ម៉ាស់ ,រដ្ឋបាលស្រុកសៀមប៉ាង ៥ពាន់ម៉ាស់ ,រដ្ឋបាលស្រុកសៀមបូក ៥ពាន់ម៉ាស់ និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ៥ពាន់ម៉ាស់ ផងដែរ ។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ ក្រើនរំលឹកដល់មន្ទីរជំនាញ កងកម្លាំងទាំង៣ និងរដ្ឋបាលក្រុង-ស្រុកទាំង៦ ក្រោយពីទទួលបានសម្ភារៈសុខាភិបាលនេះទៅ ត្រូវនាំយកទៅប្រើប្រាស់ឲ្យចំគោលដៅ ក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ពិសេស មេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta ដែលកំពុងឆ្លងរាលដាលនៅក្នុងភូមិសាស្ត្រខេត្ត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប ១០០១ នាក់ ក្នុងនោះ ប្រភេទ Delta ៩៥នាក់ហើយ និងក៏មានអ្នកជាសះស្បើយ ៦១៦នាក់ មានអ្នកស្លាប់ ១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលចត្តាឡីស័កកម្រិត២ មានចំនួន ៣៧៥នាក់ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដាស់តឿនដល់មន្ត្រីទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ពីវិធីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយបន្តជម្រុញដល់ពួកគាត់ ឲ្យរួមគ្នាអនុវត្តសេចណែនាំនានារបស់ ក្រសួងសុខាភិបាល និងការអនុវត្តវិធានការ «៣ការពារ និង ៣កុំ»របស់រាជរដ្ឋាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង គ្មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ៕ដោយ ៖ ឡុង សំបូរ




