ព្យុះសង្ឃរាអ៊ីដាវាយប្រហាររដ្ឋ Louisiana កាច់បណ្តាញអគ្គិសនី និងបង្កការខូចខាតយ៉ាងដំណំ

ព្យុះ​សង្ឃរា​អ៊ីដា​(Hurricane Ida) ​ក្នុង​ល្បឿន​ខ្យល់​ ២៤០គ.ម./ម៉ោង​ វាយ​ប្រហារ​លើ​រដ្ឋ​ភាគ​​អាគ្នេយ៍​​អាមេរិក​ Louisiana ​កាល​ពី​ថ្ងៃ​អាទិត្យ ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​២ ​នាក់​ ហើយ​បង្កការ​ខូច​ខាត​យ៉ាង​ដំណំ​​ និង​កាច់​ផ្ដាច់​អគ្គីសនី​ជាង​១​លាន​គ្រួសារ​ដែលភា​គ​ច្រើន​នៅ​ក្រុង​ New Orleans ​មុន​ពេល​វិវត្តន៍​ទៅ​ជា​វិសម្ពាធ​។​

​ក្រុម​មន្រ្តី​របស់​រដ្ឋ​និយាយ​ថា​ ​ដោយ​សារ​ការ​ខូច​ខាត​មាន​ទំហំ​ធំ​ពេក​ ដូច្នេះ​ត្រូវ​ចំណាយ​ពេល​រាប់​សប្ដាហ៍​ទម្រាំ​អគ្គីសនី​អាច​មាន​ប្រើ​ប្រាស់​ឡើង​វិញ។​ ក្រុម​មន្រ្តី​បន្ត​ថា​ ព្យុះ​កំណាច​បាន​កាច់​ផ្ដាច់​សេវា​ទូរស័ព្ទ​ ប្រព័ន្ធ​ទឹក​ប្រើ​ប្រាស់​ រួម​ទាំង​ផ្លូវ​ជា​ច្រើន​មិន​អាច​ធ្វើ​ដំណើរ​បាន​ ក៏​ប៉ុន្តែ​​ប្រតិបត្តិការ​​ជួយ​​សង្រ្គោះ​​ប្រជាជន​​ចេញ​​​ពី​​ផ្ទះ​​ដែល​​ទឹក​​​ជន​​លិច​​កំពុង​​បន្ត​​​។

ជាមួយ​គ្នា​នោះ​ អាជ្ញាធរ​ស្រុក ​Jefferson Parish ​នៃ​រដ្ឋ​ Louisiana ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ បាន​ចេញ​បំរាម​គោចរ​រយៈ​ពេល​មួយ​ថ្ងៃ​រាប់​ចាប់​ពី​ម៉ោង​ ៦​ ព្រឹក​ថ្ងៃ​ចន្ទ​ រហូត​ដល់​ម៉ោង​ ៦​ ព្រឹក​ថ្ងៃ​អង្គារ​ ដោយ​តម្រូវ​កុំ​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ព្រោះ​មាន​គ្រោះថ្នាក់​ជា​ច្រើន​។​

កង​កម្លាំង​រដ្ឋ​និយាយ​ថា ​ខ្លួន​បាន​ដាក់​ពង្រាយ​កម្លាំង​ចំនួន​ ៤ ៩០០ ​នាក់​និង​​រថយន្ត​​ ១៩៥ ​គ្រឿង ​ទូក​ជួយ​សង្គ្រោះ​ ៧៣​ គ្រឿង​ និងឧ​ទ្ធម្ភាគចក្រ ​៣៤ ​គ្រឿង។​

​ក្រុម​អ្នក​ព្យាករណ៍​​និយាយ​ថា​ ជំនន់​ទឹក​ភ្លៀង​ និង​ការ​រអិល​បាក់ដី​ អាច​កើត​ឡើង​តាម​បណ្តោយ​ផ្លូវ​របស់​ព្យុះ​​មុន​ពេល​​​វា​បក់​បោក​ឆ្ពោះ​ទៅ​រដ្ឋ​ភាគ​ខាង​ជើង​។​

​​Ida ​គឺ​ជា​ព្យុះ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យ៉ាង​កំណាច​មួយ​ បន្ទាប់​ពី​ព្យុះ​សង្ឃរា​កាទ្រីណា​ (Hurricane Katrina) ​ដែល​បក់​បោក​ចូល​រដ្ឋ​ Louisiana ​កាល​ពី​ឆ្នាំ ​២០០៥​ ដោយ​​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ១ ៨០០ ​នាក់​ និង​បំផ្លាញ​ក្រុង​ New Orleans ​យ៉ាង​ដំណំ​។

អ្នក​ជំនាញ​និយាយ​ថា​ ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​លើ​ភាព​​ញឹក​ញាប់នៃ​ព្យុះ​នៅតែ​មិនច្បាស់​ ប៉ុន្តែ​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ផ្ទៃ​សមុទ្រ​ ធ្វើ​ឱ្យ​ខ្យល់​ក្តៅ​បក់​ឡើង​​បង្កើត​ឱ្យ​មាន​ថាមពល​ខ្ពស់​បង្ក​ជា​ព្យុះ​សង្ឃរា​។​

ខណៈ​ដែល​ព្យុះ​ថ្មី​វាយ​ប្រហារ​ ​រដ្ឋ​ Louisiana ​ត្រូវ​​រង​សម្ពាធ​ពី​ជំងឺ​កូវីដ-១៩​ ស្រាប់​ហើយ​ ដោយ​មាន​អត្រា​ឆ្លង​​ខ្ពស់​បំផុត​លំដាប់​ទី​ ៣​ នៅ​អាមេរិក​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner