តាលីបង់ប្រកាស «ឯករាជ្យពេញលេញ» ខណៈពេលដែលយន្តហោះយោធាអាមេរិកចុងក្រោយចាកចេញពីអាហ្វហ្គានីស្ថាន
កាលពីយប់កណ្ដាលអធ្រាត្រឆ្លងចូលថ្ងៃអង្គារ ទី៣១សីហា ស្នូរកាំភ្លើងអបអរសាទរបានបន្លឺឡើងនៅទូទាំងក្រុងកាប៊ុល ខណៈពេលដែលក្រុមតាលីបង់ចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ បន្ទាប់ពីទ័ពអាមេរិកចុងក្រោយធ្វើការចាកចេញពីអាហ្វហ្គានីស្ថាន ដែលបញ្ចប់សង្គ្រាម២០ឆ្នាំនៅប្រទេសនេះ។

អ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា៖ «ទាហានអាមេរិកចុងក្រោយបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលហើយ ប្រទេសរបស់យើងទទួលបានឯករាជ្យពេញលេញ អរគុណព្រះ»។
យន្តហោះយោធាអាមេរិក C-17 ចំនួន ៥ គ្រឿងចុងក្រោយបានហោះចេញអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃក្នុងទីក្រុងកាប៊ុលមុនពាក់កណ្តាលអធ្រាត្រ ដោយបញ្ចប់ការជម្លៀសយ៉ាងលឿន ដែលបានបន្សល់ទុកជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ រួមមានអតីតសមាជិកកងកម្លាំងសន្តិសុខ និងមនុស្សជាច្រើនទៀតដែលមានទិដ្ឋាការស្រាប់សម្រាប់ចូលទឹកដីអាមេរិក។
មុនពេលដែលកងទ័ពអាមេរិកធ្វើការចាកចេញពួកគេបានបំផ្លាញយន្តហោះជាង ៧០ គ្រឿង រថពាសដែករាប់សិបគ្រឿង និងប្រព័ន្ធការពារដែនអាកាស ដែលកាលពីមួយថ្ងៃមុនបានរារាំងការវាយប្រហារគ្រាប់រ៉ុកកែតដោយក្រុមភេរវករ ISIS-K ទៅលើអាកាសយានដ្ឋាន។
មេបញ្ជាការកងពលធំឆត្រយោងលេខ៨២ លោកឧត្ដមសេនីយ៍ឯកគ្រីស ដូណាហ្យូ គឺជាទាហានអាមេរិកចុងក្រោយដែលលើងជើងហោះហើរជម្លៀសចុងក្រោយចេញពីទីក្រុងកាប៊ុល។
ជនស៊ីវិលអាមេរិកប្រមាណ ៥៥០០ នាក់ត្រូវបានជម្លៀស ប៉ុន្តែនៅមានជនជាតិអាមេរិកមួយក្រុម ដែលត្រូវបានប៉ាន់ស្មានដោយរដ្ឋមន្ត្រីការបរទេសអាមេរិកអាន់តូនី ប្លីនខែនថាមានចំនួនតិចជាង ២០០ នាក់ ចង់ចាកចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែមិនអាចឡើងជើងហោះហើរចុងក្រោយ។
សង្គ្រាមវែងបំផុតរបស់អាមេរិកបានឆក់យកជីវិតទាហានអាមេរិកជិត ២.៥០០ នាក់ និងជនជាតិអាហ្វហ្គានីស្ថានប្រមាណ ២៤០.០០០ នាក់ ហើយអស់ថវិកាប្រមាណ ២ ទ្រីលានដុល្លារ។
បើទោះបីជាអាមេរិកបានសម្រេចគោលដៅក្នុងការទម្លាក់តាលីបង់ពីអំណាច និងបញ្ឈប់ក្រុមអាល់កៃដាក្នុងការប្រើប្រាស់អាហ្វហ្គានីស្ថានជាមូលដ្ឋានធ្វើភេរវកម្មកាលពីឆ្នាំ ២០០១ ក៏ដោយ ២០ឆ្នាំក្រោយមកសង្គ្រាមនេះត្រូវបានបញ្ចប់ដោយការត្រឡប់មកកាន់អំណាចរបស់តាលីបង់ ដែលឥឡូវនេះគ្រប់គ្រងផ្ទៃប្រទេសនេះច្រើនជាងអ្វីដែលពួកគេធ្លាប់គ្រប់គ្រងក្នុងអំឡុងពេលកាន់អំណាចដំបូងកាលពីឆ្នាំ ១៩៩៦ ដល់ ២០០១។
សហរដ្ឋអាមេរិក ដែលជឿជាក់ថាខ្លួនបានជោគជ័យក្នុងការផ្ដួលក្រុមតាលីបង់ បានបដិសេធធ្វើការចរចាជាមួយពួកគេ រួចសម្រេចបង្កើនបេសកកម្មយោធាដើម្បីធ្វើការកម្ចាត់ទាំងស្រុង ហើយរៀបចំរដ្ឋាភិបាលបែបលោកខាងលិច។ ការកាន់កាប់ដ៏យូរអង្វែងរបស់អាមេរិក បានអនុញ្ញាតឱ្យតាលីបង់ប្រមូលផ្ដុំគ្នាឡើងវិញ ហើយរៀបចំខ្លួនជាចលនាតស៊ូប្រឆាំងការឈ្លានពានបរទេស ដូចដែលប្រទេសអាហ្វហ្គានីស្ថានបានធ្វើចំពោះសហភាពសូវៀតនៅទសវត្សឆ្នាំ១៩៨០។
ប៉ុន្តែផ្ទុយពីការដកទ័ពរបស់សហភាពសូវៀត ដែលបន្សល់សំបករថក្រោះ និងរថពាសដែកខូចខាតជាច្រើន អាមេរិកបានបន្សល់នូវអាវុធ រថពាសដែក និងឧបករណ៍ទំនើបៗជាច្រើន ដែលដើមឡើយផ្គត់ផ្គង់ឱ្យកងយោធាអាហ្វហ្គានីស្ថាន ប៉ុន្តែត្រូវបានដណ្ដើមយកដោយតាលីបង់នៅពេលកងកម្លាំងរដ្ឋាភិបាលដកថយ ឬចុះចាញ់។
យ៉ាងណាមិញ បន្ទាប់ពីការដកទ័ពអាមេរិកក្រុមតាលីបង់គឺកំពុងមើលទៅមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មី ប៉ុន្តែនៅមានភាពមិនច្បាស់លាស់ចំពោះសមាសធាតុថ្នាក់ដឹកនាំ។ មេដឹកនាំកំពូលតាលីបង់លោកហៃបាទូលឡា អាខុនដ្ហ្សាដានៅមិនទាន់បានបង្ហាញមុខ ឬចេញសេចក្ដីថ្លែងការណ៍ណាមួយចាប់តាំងពីជ័យជម្នះរបស់តាលីបង់កាលពីពីរសប្ដាហ៍មុន ធ្វើឱ្យមានការសង្ស័យថាលោកបានបាត់បង់ជីវិតរួចទៅហើយ ប៉ុន្តែអ្នកនាំពាក្យតាលីបង់បាននិយាយថាលោកមានវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
បន្ថែមពីលើនេះទៅទៀតភាពតានតឹងបានកើនឡើងរវាងសមាជិកកណ្ដាលនិយមដូចជាមេដឹកនាំផ្នែកនយោបាយលោកអាប់ឌុល ហ្គានី បារ៉ាដាដែលបានដឹកនាំការចរចាជាមួយអាមេរិក នឹងសមាជិកអភិរក្សនិយាមដូចជាបងប្អូនត្រកូលហាកកានី និងមេដឹកនាំយោធាក្រុមនេះ។ ឥឡូវនេះតាលីបង់ត្រូវតែស្តារឡើងវិញនូវសេដ្ឋកិច្ចបែកបាក់ដោយសង្គ្រាមរ៉ាំរៃ ដោយមិនអាចពឹងពាក់លើជំនួយបរទេសរាប់ពាន់លានដុល្លារ ដែលកាលពីមុនហូរចូលទៅកាន់ប្រព័ន្ធរដ្ឋាភិបាលដ៏ពុករលួយ។ ស្របពេលជាមួយគ្នានេះដែរប្រជាជននៅតំបន់ជនបទអាហ្វហ្គានីស្ថានគឺកំពុងប្រឈមនឹងគ្រោះមហន្តរាយដ៏ធំមួយ ដែលបង្កដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។