អង្គការសុខភាពពិភពលោក ព្រមានថាមនុស្សប្រមាណ ២៣៦ ០០០នាក់ទៀតអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ នៅទ្វីបអឺរ៉ុបគិតត្រឹមថ្ងៃទី១ ធ្នូ

អត្ថបទដោយ៖
AMS OneMinute

ការព្រមាននេះធ្វើឡើងក្រោយករណីឆ្លងបន្ដកើនឡើងខ្លាំង ខណៈអត្រាអ្នកចាក់វ៉ាក់សាំងស្ថិតនៅកម្រិតទាបនៅឡើយ។

នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានលើកឡើងថា៖ “វ៉ារ្យ៉ង់ Delta គឺជាកត្តាដែលបង្កឱ្យមានកំណើនទាំងនេះ រួមទាំងការបន្ធូរការរឹតបន្ដឹងវិធានការនានា ខណៈពេលមានការកើនឡើងនៃការធ្វើដំណើរនៅរដូវក្តៅ។”

ការជាប់គាំងក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ ក៏បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកជំរុញឱ្យប្រទេសនានាបង្កើនផលិតកម្មវ៉ាក់សាំង និងពន្លឿនដំណើរការចែកចាយវ៉ាក់សាំង។

ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលអង្គការសុខភាពពិភពលោក និង UNICEF បានជំរុញឱ្យបណ្តាប្រទេសអ៉ឺរ៉ុប ដាក់ក្រុមគ្រូបង្រៀនជាក្រុមអាទិភាពក្នុងការចាក់វ៉ាក់សាំង ដូច្នេះសាលារៀនអាចនៅបើកដំណើរការបាន។

បច្ចុប្បន្ន អ៉ឺរ៉ុបបានរកឃើញករណីស្លាប់ប្រមាណ ១,៣លាននាក់។ ក្នុងចំណោមប្រទេសទាំង ៥៣ នៅអឺរ៉ុប ៣៣ប្រទេសមានករណីស្លាប់កើនឡើងច្រើនជាង ១០% ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយ ហើយភាគច្រើនគឺប្រទេសក្រីក្រ។

ប្រភព៖ CNA

ads banner