ចិនប្រកាន់ជំហររក្សាសន្តិភាពនៅស៊ីនជាំង ខណៈប្រទេសអាហ្វហ្គានីស្ថានបន្តមានភាពចលាចល
ប្រទេសចិនបានប្តេជ្ញានឹងបន្តអនុវត្តវិធានការសន្តិសុខរបស់ខ្លួននៅតំបន់ស៊ីនជាំងកំឡុងពេលមានការព្រួយបារម្ភពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថានជិតតំបន់នោះ។

កាលពីថ្ងៃទី ៣០ សីហាអ្នកនាំពាក្យរដ្ឋាភិបាលលោក Xu Guixiang បាននិយាយថា កងទ័ពរបស់អាហ្វហ្គានីស្ថានដែលនៅព្រំប្រទល់ជាប់នឹងភ្នំដែលជាព្រំប្រទល់រវាងប្រទេសទាំងពីរនៅតំបន់ភាគពាយ័ព្យប្រទេសចិនតែងតែជះឥទ្ធិពលដោយផ្ទាល់មកលើតំបន់នោះ។
លោក Guixiang បានបន្តនិយាយថា៖ «ទោះបីស្ថានភាពបច្ចុប្បន្នជាយ៉ាងណាទេ យើងនឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលដៅនៃការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ស៊ីនជាំងនេះ»។ លោកបានបន្តនិយាយថា ប្រទេសចិននឹងធានាអោយបាននូវស្ថិរភាពសង្គម និងក្រុមជនជាតិទាំងអស់អោយរស់នៅដោយសុខសន្តិភាព និងស្ថិរភាព ហើយព្រមទាំងមានការអភិវឌ្ឍរីកចម្រើននៅក្នុងវិស័យសេដ្ឋកិច្ច។
ទីក្រុងប៉េកាំងបានសម្តែងការព្រួយបារម្ភពីសន្តិសុខម្តងហើយម្តងទៀតទាក់ទងនឹងភាពចលាចលនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារការភ័យខ្លាចថាក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរឆ្លងកាត់ព្រំដែននៅអាហ្វហ្គានីស្ថានទៅដល់ស៊ីនជាំង។
ក្រុងប៉េកាំងស្តីបន្ទោសចលនាអ៊ីស្លាមទួគីស្តាន់ខាងកើត (ETIM) ដែលជាក្រុមបំបែកខ្លួនដែលបង្កើតឡើងដោយក្រុមសកម្មប្រយុទ្ធអ៊ុយហ្គួរចំពោះការផ្ទុះឡើងនូវអំពើហិង្សានៅតំបន់ស៊ីនជាំង រួមទាំងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅឆ្នាំ ២០១៤ និងការវាយប្រហារនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសរួមទាំងទីក្រុងប៉េកាំងផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសចិនមានព្រំដែនជាប់គ្នាប្រវែង៧៤ គីឡូម៉ែត្រតាមបណ្តោយច្រករបៀង Wakhan ។
ថ្លែងនៅក្នុងសន្និសីទការងារកិច្ចការជាតិជនជាតិភាគតិចនៅចិនក្នុងរយៈពេល ៧ ឆ្នាំប្រធានាធិបតីប្រទេសចិន លោក Xi Jinping បាននិយាយថា កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិគួរតែត្រូវបានពង្រឹងថែមទៀតដោយធ្វើការជាមួយប្រទេស តំបន់ អង្គការអន្តរជាតិ និងជនជាតិភាគតិចចិននៅឯនាយសមុទ្រ ។
ប្រទេសចិនបានស្ថិតនៅក្រោមសម្ពាធអន្តរជាតិលើគោលនយោបាយរបស់ខ្លួននៅតំបន់ស៊ីនជាំងដែលក្រុមសិទ្ធិមនុស្សនិងគណៈកម្មាធិការអង្គការសហប្រជាជាតិបានចោទប្រកាន់ថាបានឃុំខ្លួនជនជាតិអ៊ីស្លាមអ៊ុយហ្គួរចំនួន ១ លាននាក់ដែលជាក្រុមជនជាតិភាគតិចដោយពួកគេត្រូវរងការរើសអើង ការធ្វើទារុណកម្ម និងការបង្ខំអោយធ្វើការ។
ប្រទេសចិនក៏បានការពារគោលនយោបាយរបស់ខ្លួនដោយនិយាយថា ខ្លួនកំពុងព្យាយាមគ្រប់គ្រងភាពតានតឹងជនជាតិភាគតិចប្រយុទ្ធប្រឆាំងភាពជ្រុលនិយម និងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍនៅតំបន់សម្បូរធនធានទៅជាផ្លូវពាណិជ្ជកម្មទៅកាន់អាស៊ីកណ្តាល។