ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជម្រុញអោយក្រុមតាលីបង់អនុញ្ញាតអោយប្រជាជនចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន
កាលពីថ្ងៃច័ន្ទ ទី៣០ សីហាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជម្រុញអោយក្រុមតាលីបង់អនុញ្ញាតអោយប្រជាជនចាកចេញពីប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ។

ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតរងបារាំង លោក Nathalie Broadhurst បាននិយាយថា ប្រជាជនអាហ្វហ្គានីស្ថានទាំងអស់កំពុងមើលក្រុមប្រឹក្សានេះហើយពួកគេរំពឹងថានឹងមានការជួយទ្រទ្រង់ពីសហគមន៍អន្តរជាតិ។ លោកបានបន្តនិយាយថា ការខ្វះសាមគ្គីភាពគឺជាការខកចិត្តមួយសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន។
ប៉ុន្តែឯកអគ្គរដ្ឋទូតចិនលោក Geng Shuang បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបន្សល់ទុកនូវមហន្តរាយធំមួយដែលពួកគេបានបង្កើតឡើង ហើយទម្លាក់ការស្តីបន្ទោសនិងទំនួលខុសត្រូវទៅប្រទេសជិតខាងអាហ្វហ្គានីស្ថាន និងក្រុមប្រឹក្សាសន្តិសុខ។
កាលពីថ្ងៃទី ២៩ សីហាក្រុមតាលីបង់បាននិយាយថា ពួកគេនឹងអនុញ្ញាតអោយមានការធ្វើដំណើរធម្មតាវិញបន្ទាប់ពីទ័ពរបស់អាមេរិកចាកចេញពូអាកាសយានដ្ឋានកាប៊ុល ហើយពួកគេផ្តល់ការធានាថាអ្នកដែលមានឯកសារធ្វើដំណើរនឹងនៅតែអាចចាកចេញពីប្រទេសនេះបាន។