ការសិក្សាស្រាវជ្រាវបង្ហាញពីលទ្ធភាពនៃវ៉ារ្យ៉ង់ថ្មីបំប្លែងទៅប្រភេទថ្មីទៀត
កិច្ចការស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូងមួយបានចេញផ្សាយនៅខែនេះបានពណ៌នាពីវីរុសកូវីដ-១៩ បំប្លែងថ្មីដោយអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា វីរុសបំប្លែងប្រភេទនេះបង្ករហានិភ័យដល់ការបំប្លែងប្រភេទថ្មីទៀត។

ការសិក្សាស្រាវជ្រាវនេះផ្តោតលើវ៉ារ្យ៉ង់ C.1.2 នៃវីរុស SARS-CoV-2 ដែលត្រូវបានរកឃើញដំបូងនៅខែឧសភាឆ្នាំនេះ។ នៅក្នុងកិច្ចការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានសរសេរថាវ៉ារ្យ៉ង់ C.1.2 មានការផ្លាស់ប្តូរយ៉ាងខ្លាំងលើសពីវីរុសប្រភេទដើមដែលបានរកឃើញដំបូង។
វ៉ារ្យ៉ង់ C.1.2 ត្រូវបានរកឃើញដំបូងនៅខេត្ត Mpumalanga និង Gauteng នៃប្រទេសអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីពេលនោះមក វីរុសបំប្លែងប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងខេត្តមួយចំនួនបន្ថែមទៀតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក៏ដូចជានៅប្រទេសអង់គ្លេស ចិន កុងហ្គោ ម៉ូរីស នូវែលសេឡង់ ព័រទុយហ្កាល់ និងស្វីស។