រដ្ឋបាលខេត្តបាត់ដំបង បានបន្តនាំយកអំណោយសម្តេចក្រឡាហោម និងលោកជំទាវ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលព្យាបាលពលករ និងនៅតាមមណ្ឌលចាក់វ៉ាក់សាំង ស្ថិតក្នុងស្រុកសង្កែ
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជា គ្រឿងភេសជ្ជៈ និងសម្ភារការពារជំងឺកូវីដ-19 ដើម្បីផ្តល់ជូនដល់មណ្ឌលចត្តាឡីស័កនិងព្យាបាលជម្ងឺកូវីដ-19 ចំនួន០២កន្លែង ស្ថិតក្នុងសាលារៀនអន្លង់វិលនិងវិទ្យាល័យអន្លង់វិលនិងទីតាំងចាក់វ៉ាក់សាំង ចំនួន០៣កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីរសៀល ថ្ងៃទី៣១ ខែសីហា២០២១នេះ។
អំណោយដែលយកទៅប្រគល់ជូនដល់ទីតាំងទាំង៥កន្លែងខាងលើនេះ គឺជាអំណោយដ័ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងលោកជំទាវ។ សម្ភារៈដែលយកទៅប្រគល់ជូនដល់មណ្ឌលចត្តាឡីស័កនិងព្យាបាលពលករដែលវិលត្រឡប់ពីប្រទេសថៃនិងនៅទីតាំងមណ្ឌលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកុមារ-យុវវ័យ អាយុ១២-១៧ឆ្នាំ ដែលស្ថិតក្នុងស្រុកសង្កែ របស់ ខេត្តបាត់ដំបង ក្នុងទីតាំងនីមួយៗ ទទួលបាននូវ៖មី ចំនួន២០កេស, ទឹកក្រូចចំនួន ២០កេស,ទឹកសុទ្ធ ២០កេសធំ, ម៉ាស់ចំនួន២០ប្រអប់ និងអាល់កុល ០១កានស្មើ៣០លីត្រ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានថ្លែងប្រាប់ទៅកាន់ថ្នាក់ដឹកនាំទទួលខុសត្រូវនៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលចាក់វ៉ាក់សាំង ថា៖អំណោយទាំងនេះ គឺដើម្បីផ្តល់ជូនដល់គ្រប់អង្គភាពទាំង៥ខាងលើនេះ សំរាប់ប្រើប្រាស់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន។ដោយឡែក ចំពោះភេសជ្ជៈនិងមីទាំងនេះ ទុកសម្រាប់ការហត់នឿយ របស់បងប្អូននៅទីនេះផ្ទាល់។ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា៖ ប៉ុន្មានថ្ងៃនេះអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមអភិបាលខេត្តផ្ទាល់ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ សម្តេចក្រឡាហោម និងលោកជំទាវ ដូចគ្នានិងអំណោយនៅថ្ងៃនេះផងដែរ និងបន្ទាប់ពីបាននាំយកទៅប្រគល់ជូនបងប្អូនកងកម្លាំងក្រុមគ្រូពេទ្យនៅតាមមណ្ឌលចាក់វ៉ាក់សាំង តាមបណ្តាស្រុកមួយចំនួន នៅជាប់ព្រំដែនថៃ ជាបន្តបន្ទាប់កន្លងមក ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )