សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាលការរៀបចំផែនការមេ ពីកូរ៉េ ដើម្បីធ្វើយ៉ាងណាឱ្យ e-government ប្រទេសកម្ពុជា មានការរីកចម្រើនមួយកម្រិតធំទៀត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យសាស្ត្រាចារ្យ Anh Moon Suk ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលនៅក្រោម ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងសមាជិក រួមទាំងអគ្គនាយក នៃការិយាល័យ e-goverment និងប្រធាននៃភ្នាក់ងារសង្គម ព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត ចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនេះ សម្ដេច តេជោ នាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរីករាយ ដែលបានជួបស្ថាបនិកនៃ e-goverment របស់ ប្រទេសកូរ៉េ ហើយសម្ដេចបានជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេច កំពុងជំរុញ e-government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាល លើ e-governmentនេះ។
លោកសាស្ត្រាចារ្យ អាញ់ មូនសុក បានលើកឡើងបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេស កន្លងមកនេះ គឺខាងការិយាល័យ e-goverment របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញ e-goverment នេះ ហើយរដ្ឋាភិបាលកូរ៉េ ចង់ជំរុញកិច្ច សហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា ពាក់ព័ន្ធនឹងការងារ e-goverment នេះ មិនតែប៉ុណ្ណោះ លោក សាស្រ្តាចារ្យ បញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋា ភិបាលកម្ពុជាផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីកូរ៉េ ចែករំលែកបទពិសោធន៍ជាក់ លាក់ ពាក់ព័ន្ធនិង e-goverment នេះ ជាមួយកម្ពុជាតែម្ដង។
លោកសាស្ត្រាចារ្យ អាញ់ មូនស៊ុក ថា នឹងទៅកម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាល ក៏ដូចជា ការរៀបចំផែនការមេ សម្រាប់ e-goverment ផងដែរ ។ ក្នុងនេះដែរ លោកសាស្ត្រចារ្យ ក៏បានមាន ប្រសាសន៍ថា ប្រធានាធិបតីកូរ៉េ ថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើម នៅក្នុងការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ ។ លោកសាស្ត្រាចារ្យ បន្ថែមទៀតថា នៅក្នុងប្រទេសកូរ៉េ គឺមានភ្នាក់ងារសង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយ ក្នុងការជួយដល់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ពាក់ព័ន្ធនឹង e-goverment នេះ ។

ជារួម ក្រោយពីការសិក្សា នឹងពិភាក្សារួចហើយនោះ គឺខាងរដ្ឋាភិបាលកូរ៉េ នឹងរៀបចំការផ្ដល់ជា ជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹង e-goverment នេះ ក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-goverment ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា ពាក់ព័ន្ធនឹង e-goverment នេះ រាជ រដ្ឋាភិបាលកម្ពុជា ក៏ធ្វើការបានមួយចំនួនធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះ បណ្ដាលការរៀបចំផែនការមេ ការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹង e-goverment ពីកូរ៉េដល់ ប្រទេសកម្ពុជា ហើយជាពិសេសទៀត ក្នុងការបណ្ដុះបណ្ដាលមន្ត្រី មុននឹងរៀបចំផែនការមេ ឬផែនទី ចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែក e-goverment នេះ។

សម្ដេចតេជោ ក៏បានស្នើឲ្យខាងភាគីកូរ៉េ ស្វែងយល់ពីស្ថានភាព នៃ IT ក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំផែនការមេនេះ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ។
លើសពីនេះទៀត លោកសាស្រ្តាចារ្យ បានមានប្រសាសន៍ថា e-goverment នេះ អាចជួយរដ្ឋា ភិបាលកម្ពុជាជាច្រើននៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេស ធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាល ជា មន្ត្រីរាជការ អាចរៀនសូត្រឱ្យបានច្រើន ដើម្បីចូលរួមការអនុវត្តនៅ e-government នេះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ហើយ នឹងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរ ដើម្បីធ្វើ យ៉ាងណាឱ្យ e-government ប្រទេសកម្ពុជា មានការរីកចម្រើនមួយកម្រិតធំទៀត ៕