រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបាន ប្រចាំខែ សីហា ឆ្នាំ ២០២១

កំពត ៖ នៅសោប្រជុំសាលាខេត្តកាលពីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែសីហា ឆ្នាំ២០២១ តាមរយៈ អនឡាញនៃកម្មវិធីវីដេអូ Zoom ដែលកិច្ចប្រជុំមានការចូលរួមតភ្ជាប់ពីមន្ទីរ អង្គភាពជំនាញនិងរដ្ឋបាលក្រុងស្រុកទាំង៩ ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ។

តាមរយៈលទ្ធផលក្នុងរបាយការណ៍ កិច្ចប្រជុំបានបង្ហាញឲ្យដឹងថា ក្នុងខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សម្រេចបានទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម ការងារបង្កបង្កើនផល ការងារបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស តាមរយៈវិធានការអប់រំរដ្ឋបាល និងវិធានការច្បាប់ រួមនឹងការងារសង្គមកិច្ច មានលក្ខណៈល្អប្រសើរ និងទទួលបានការគាំទ្រ ការចូលរួមសហការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងផុលផុស ។ ជាពិសេសការងារគ្រប់គ្រងនៃស្ថានភាពឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ហូតដល់ពេលនេះមានលក្ខណៈធូរស្រាលឡើងវិញ ជាបន្តបន្ទាប់ រួមនិងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ជូនប្រជាពលរដ្ឋ ទាំងមនុស្សចាស់ និងកុមារ ក៏សម្រេចបានប្រមាណជាង ៣២ម៉ឺននាក់ លើចំនួនគោលដៅសរុបរួមត្រូវចាក់ប្រមាណជាង ៤៥ម៉ឺននាក់ផងដែរ ។

ដោយឡែកការងារសេដ្ឋកិច្ច បើទោះបីនៅក្នុងបរិបទកូវីដ១៩នេះ ការងារពន្ធដារ គយ និងរដ្ឋករខេត្តកំពត ក៏នៅតែមានដំណើរការល្អប្រសើរ ។ ក្នុងនោះការងារពន្ធដារ សាខាពន្ធដារខេត្តកំពត ប្រមូលប្រាក់ពន្ធ-អាករ គ្រប់ប្រភេទចូលរតនាគារខេត្ត ក៏ទទួលបានសន្ទុះលទ្ធផលកើនឡើងល្អប្រសើរជាងបើធៀបនិងផែនការឆ្នាំ២០២១ ។ ចំណែកឯ ការងារគយ និងរដ្ឋករ នៅតាមការិយាល័យច្រកទាំងបី គឺច្រកទ្វារអន្តរជាតិព្រែកចាក ច្រកទ្វារទ្វេភាគីតន់ហន់និងច្រកទ្វាររបៀងព្រៃទន្លេ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពតក៏មានចំណូលចូលថវិការដ្ឋបានលទ្ធផលល្អប្រសើរផងដែរ ។

ឯកឧត្តម ជាវ តាយ បញ្ជាក់ថា លទ្ធផលការងាររដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមកនេះ គឺផ្អែកតាម ផែនការរដ្ឋបាលខេត្តច្បាស់លាស់ ពិសេសការអនុវត្តតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែបានដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច របស់ខ្លួន ដើម្បីអភិវឌ្ឍន៍ និងបម្រើឆ្លើយតបដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលានិងមានលក្ខណៈកាន់តែល្អប្រសើរឡើងថែមទៀត ។

ឯកឧត្តមអភិបាលខេត្តក៏កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារ តាមតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើររយៈពេលកន្លងមក ។ ពិសេសការងារសហការ បង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តកំពត រហូតមកដល់ពេលនេះមានលក្ខណៈធូរស្រាលឡើងវិញល្អប្រសើរ ៕ Sila Sarin

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner