រយៈពេល៨ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានកំណើនចំនួន ៨៩,៦៨% ពីការនាំចេញកសិផល (Video Inside)
ភ្នំពេញ៖ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបជាង៥លាន៥៤ម៉ឺន៤ពាន់៨៩៤តោន ទៅកាន់ទិសដៅ ៦៦ ប្រទេស ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានការកើនឡើងជាង ២លាន៦២ម៉ឺន១ពាន់៥៦៦តោន ស្មើនឹង ៨៩,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែជាង ២លាន៩២ម៉ឺន៣ពាន់៣២៨តោន។
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ពាន់២៣២លាន៤៤ម៉ឺន៥ពាន់៧៦៧ដុល្លារ ដែលក្នុងនោះ ការនាំចេញអង្ករមានទឹកប្រាក់ចំនួន ២៩១លាន៩២ម៉ឺន៩ពាន់៩៥០ដុល្លារ ការនាំចេញស្រូវមានទឹកប្រាក់ចំនួន ៣៩៣លាន២១ម៉ឺន៩ពាន់៧៥០ដុល្លារ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានទឹកប្រាក់ចំនួន ២ពាន់៥៤៧លាន២៩ម៉ឺន៦ពាន់៦៧ដុល្លារ។
គួរកត់សម្គាល់ ការនាំចេញកសិផលសរុបក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានកំណើនចំនួន ៨៩,៦៨% ក្នុងនោះកសិផលក្រៅពីអង្ករមានការកើនឡើងចំនួន ១១០,១៥% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៣,៣៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង៕

