សេដ្ឋកិច្ចចិនរងការវាយប្រហារដោយការរាលដាលនៃវ៉ារ្យ៉ង់ដែលតា និងបញ្ហាចង្វាក់ផ្គត់ផ្គង់

ហុងកុង៖ ​​សេដ្ឋកិច្ច​របស់​​ចិន​​​​ជាប់​​គាំង​​​នៅ​ខែ​នេះ ​ខណៈ​ដែល​ប្រទេស​នេះ​ព្យាយាម​ទប់​ស្កាត់​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​​ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​ដឹក​ជញ្ជូន​ទំនិញ​ដែល​កំពុង​អូស​បន្លាយ​​។

​ការ​វាស់​ស្ទង់​​ផ្លូវ​ការ​ស្តី​ពី​សកម្មភាព​ផលិតកម្ម​ បាន​ធ្លាក់​ចុះ​ដល់​ ៥០,១ ​ក្នុង​ខែ​សីហា​ ពី​ ៥០,៤ ​ក្នុង​ខែ​កក្កដា​ លើស​ចំនួន​​កំណត់​ ៥០ ​ពិន្ទុ​ ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​ជា​ជាង​ការ​ធ្លាក់​ចុះ​ ប៉ុន្តែ​វា​នៅ​តែ​ជា​អត្រា​កំណើន​យឺត​បំផុត​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​​​ចាប់​ផ្តើម​​។​

​វិស័យ​សេវាកម្ម​ដែល​បច្ចុប្បន្ន​ជា​ចំណែក​ធំ​នៃ​ប្រទេស​ ធ្លាក់​ចុះ​កាន់​តែ​អាក្រក់​ទៅ​ៗ​។​ សន្ទស្សន៍​របស់​អ្នក​គ្រប់​គ្រង​ក្នុង​ការ​ទិញ​ (PMI) ​សម្រាប់​វិស័យ​​មិន​មែន​ផលិតកម្ម​របស់​​ចិន​ បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៤៧,៥ ​ពី​ ៥៣,៣ ​នៅ​ក្នុង​ខែ​កក្កដា​ ដែល​ជា​ការ​ធ្លាក់​ចុះ​ដំបូង​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០​។​

​សេដ្ឋកិច្ច​​ចិន​ដំបូង​ឡើយ​ហាក់​ដូច​ជា​ប្រសើរ​ ក្នុង​ពេល​ដែល​ប្រទេស​នេះ​​ទប់​ទល់​នឹង​ជំងឺ​រាត​ត្បាត​បាន​ល្អ​ ខណៈ​ដែល​កំណត់​ត្រា​របស់​ប្រទេស​ដទៃ​ទៀត​ធ្លាក់​ចុះ​​​។ ​ប៉ុន្តែ​​ការ​រាល​ដាល​នៃ​វ៉ារ្យ៉ង់​ដែលតា​ និង​វិធានការ​សូន្យ-កូវីដ​របស់​ចិន​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់​ចូល​ក្នុង​អន្លង់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។​

​វិធាន​ការ​តឹង​រ៉ឹង​ និង​មិន​ចុះ​ចាញ់​ដើម្បី​ទប់​ស្កាត់​ដែលតា​ ធ្វើ​ឡើង​ទោះ​បី​ត្រូវ​លះបង់​សកម្មភាព​សេដ្ឋកិច្ច​​ ដោយ​អាជ្ញាធរ​ចាត់​វិធាន​ការ​​បិទ​ទី​ក្រុង​ លុប​ចោល​ជើង​ហោះហើរ​ និង​ផ្អាក​ពាណិជ្ជកម្ម​ជាដើម​។​

ទន្ទឹម​គ្នា​នោះ ​វិបត្តិ​ដែល​កំពុង​កើត​មាន​ជាមួយ​ចង្វាក់​ផ្គត់​ផ្គង់​ពិភពលោក​​ ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។​ ពាណិជ្ជកម្ម​ពិភព​លោក​មាន​ភាព​ច្របូក​ច្របល់​អស់​ជាច្រើន​ខែ​ ដោយ​សារ​ការ​ផលិត​កើន​​​ ហើយ​តម្រូវ​ការ​អ្នក​ប្រើប្រាស់​ក៏​ហក់​ឡើង​​ ខណៈ​ចង្វាក់​នៃ​ការ​ផ្គត់​ផ្គង់​​រអាក់​រអួល​បន្ថែម​ទៀត​ដោយ​សារ​កង្វះ​កុងតឺន័រ​ ការ​បិទ​រោងចក្រ​ ​ទាក់​ទង​នឹង​វីរុស​ឆ្លង​នៅ​វៀតណាម​ និង​ផល​ប៉ះពាល់​នៃ​ការ​បិទ​កំពង់ផែ​នៅ​ក្នុង​ប្រទេស​ចិន​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner