អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីនឹងធ្វើការស៊ើបអង្កេតករណីសូកប៉ាន់ដើម្បីទិញយកប័ណ្ណចាក់វ៉ាក់សាំង

លោកAzam Bak ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុក​រលួយ​ម៉ាឡេស៊ី (MACC) បាន​លើកឡើង​នៅ​ក្នុង​ថ្ងៃ​អង្គារ​ថា អង្គភាព​របស់​ខ្លួន​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​អះអាង​មួយ​ចំនួន​ថា គ្រូ​ពេទ្យ​ទទួល​សំណូក​ពី​សំណាក់​អ្នក​ដែល​មិន​ចង់​ចាក់​វ៉ាក់សាំង ដែល​ជា​ថ្នូរ​នឹង​ផ្ដល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

«សកម្មភាព​នេះ​មិន​មែន​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​នោះ​ទេ តែ​ថែម​ទាំង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ក្រុម​អ្នក​វេជ្ជសាស្ត្រ​ទៀត​ផង» នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន MACC ហើយ​លោក​បាន​បន្ថែម​ថា «មក​ទល់​ពេល​នេះ MACC មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ តែ​ខាង​យើង​នឹង​ស៊ើបអង្កេត​លើ​កន្លែង​សង្ស័យ​ថា​បាន​ប្រព្រឹត្តិ​អំពើ​ខុស​ឆ្គង​បែប​នេះ»។

កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន The Star បាន​ចុះ​ផ្សាយ​ថា នៅ​កន្លែង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​រដ្ឋ​ប៉េណាំង (Penang) ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ឧបទ្វីប​ម៉ាឡេស៊ី​ មាន​ទទួល​ការ​ហៅ​ចូល​ពី​សំណាក់​​អ្នក​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង ដោយ​ពួក​គេ​នឹង​ធ្វើ​ការ​ទិញ​វ៉ាក់សាំង តែ​មិន​ចង់​ចាក់​នោះ​ទេ។ ពួក​គេ​ធ្វើ​បែប​នេះ​ដោយ​គ្រាន់​តែ​ចង់​បាន​ប័ណ្ណ​វ៉ាក់សាំង​បែប​ឌីជីថល​ប៉ុណ្ណោះ។

នៅ​ម៉ាឡេស៊ី វិធានការ​រដ្ឋបាល​មួយ​ចំនួន​អាច​នឹង​បន្ធូរបន្ថយ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់ ២ដូស នៅ​តាម​បណ្ដា​រដ្ឋ និង​ដែនដី​មួយ​ចំនួន។ ក្នុង​នោះ​ដែរ អ្នក​ចាក់​វ៉ាក់សាំង​រួច​អាច​ចូល​ក្នុង​ភោជនីយដ្ឋាន​នានា​បាន ហើយ​ថែម​ទាំង​អាច​ដើរ​ផ្សារ​រាត្រី​បាន​ទៀត​ផង​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner