ឯកឧត្តម ហ៊ុន ម៉ានី៖ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ?
ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកកម្ពុជា បានចោទសួរថា ហេតុអីស្ថាប័នបរទេសមួយចំនួន ឬក៏ស្ថាប័នមិនមែនរាជរដ្ឋាភិបាលមួយចំនួនផ្តល់បរិយាកាសឱ្យជនមួយចំនួនអាចប្រព្រឹត្តទៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពច្បាប់ទាល់តែសោះ? ហាក់បីដូចជា ផ្តល់បរិយាកាសឱ្យពួកនេះទទួលនូវអភ័យឯកសិទ្ធិដើម្បីធ្វើកិច្ចការងារដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់មានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា តើជាហេតុផលអ្វី? ហើយតើជាចេតនាដែរឬទេ?។
ការចោទសួររបស់ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងពិធីអញ្ជើញប្រគល់អំណោយជាថវិកា អង្ករជាង១៤តោន អាវភ្លៀង រួមទាំងអំណោយផ្សេងៗមួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។ ការចោទសួរនេះ បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីនៃអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស រួមទាំងមេទ្ទាមក្រៅច្បាប់ បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធ និងកម្ពុជា ជាពិសេសនាពេលថ្មីៗនេះ បានផ្សព្វផ្សាយព័ត៌មានកុហកបោកប្រាស់បំភ្លៃការពិតថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បញ្ជាក់ថា “ប៉ុនប៉ងចង់បំបែកបំបាក់សាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់ស៊ីភីភី (CPP) ទៅមិនរួចនោះទេ ដូចខ្ញុំបញ្ជាក់មិនមែនលើកទី១ ទេ គេធ្វើកន្លងមក គេធ្វើជាប្រចាំ គេធ្វើរួចស្រេចទៅហើយ ប៉ុន្តែមិនអាចធ្វើរួចនោះទេ។ ចុងក្រោយម្សិលមិញឯកឧត្តម ស សុខា ក៏ចេញក្នុងនាមក្រុមគ្រួសារ ក៏ដូចជាក្នុងនាមជាកូនផង ដើម្បីធ្វើយ៉ាងណាឱ្យមានការពន្យល់ឱ្យបានច្បាស់លាស់ ហើយអំពាវនាវចំពោះអ្វីដែលជាការធ្វើនយោបាយប្រជាភិថុតនេះ គួរតែឈប់ទៅ សង្គមអភិវឌ្ឍន៍រីកចម្រើនមិនមែនផ្អែកជាល្បិចកំប៉ិចកំប៉ុក ឬក៏ធ្វើជាលក្ខណៈបំផ្លិចបំផ្លាញស្ថេរភាពសង្គមជាតិនោះទេ”៕
ដោយៈពលជ័យ