រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកវ៉ាជែងជ្រុងបុករះឡើងសួនច្បារ បណ្តាលឱ្យបាក់បង្គោលភ្លើងអស់១ដើម

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានវ៉ាប្រជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុករះឡើងសួនច្បារខណ្ឌពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្តាលឱ្យបែកផើងកូនឈើ២ផើង និងបង្គោលភ្លើង១ដើមរលើងទាំងគ្រឹះបាក់រាបដល់ដី តែសំណាងល្អ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១៥រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តៃកុងរថយន្តបង្កមាន ឈ្មោះ ឈឹង សាល ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តតក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង ម៉ាក HINO ពណ៌ស ស្លាក់លេខ ភ្នំពេញ 5A-3327 បើកបរដោយបុរម្នាក់ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏បានវ៉ាប្រជែងគ្នាជាមួយរថយន្តមួយគ្រឿងទៀត ដែលកំពុងតែធ្វើដំណើរស្របទិសគ្នា ក៏ស្រាប់តែជ្រុលចង្កូតទៅឆ្វេងដៃបុករះឡើងសួនច្បារខណ្ឌពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបែកផើងកូនឈើអស់២ផើង និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់១ដើមរលើងទាំងគ្រឹះបាក់រាបដល់ដី រីឯរថយន្តវិញរងការខូចខាតត្រង់កាងបន្តិចបន្តួចប៉ុណ្ណោះ។ រួចភ្លាមៗនោះ តៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាតខ្លួនបានផងដែរ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ/ ឆៃហួត និងប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner