វៀតណាមប្រើ AstraZeneca ភាគច្រើន ចាក់ជាង២០លាននាក់ហើយ
គិតត្រឹមថ្ងៃទី១ កញ្ញា ២០២១ វៀតណាមមានវ៉ាក់សំាងកូវីដ១៩ក្នុងដៃចំនួនជាង២៩លានដូសហើយ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេសប្រភេទ AstraZeneca ចំនួនជាង២លានដូសទៀត ត្រូវបានបញ្ជូនមកដល់ ក្នុងសប្តាហ៍នេះ។
ទីភ្នាក់ងារព័ត៌មាន VNexpress បានចេញផ្សាយថា វ៉ាក់សាំងអង់គ្លេស AstraZeneca ចំនួន២,០១៦,៤៦០ ដូសទៀត ទើបបញ្ជូនមកដល់វៀតណាម ខណៈដែលវ៉ាក់សាំងទាំងនេះគឺជាផ្នែកនៃវ៉ាក់សាំង៣០លានដូស ដែលវៀតណាមចុះកិច្ចព្រមព្រៀងបញ្ជាទិញពីអង់គ្លេស។
ប្រភពបន្តថា ជាមួយនឹងការមកដល់បន្ថែមទៀតនេះ ធ្វើឲ្យវៀតណាមមានវ៉ាក់សាំងក្នុងដៃសរុបចំនួនជាង២៩លានដូសហើយ ក្នុងនោះ គិតទាំងជំនួយពីយន្តការកូវ៉ាក់ និងជំនួយបរទេស ប៉ុន្តែក្នុងចំណោមនេះ វ៉ាក់សាំងអង់គ្លេស AstraZeneca មានប្រមាណ១៩.១លានដូស ស្មើនឹងប្រមាណ៦២ភាគរយនៃវ៉ាក់សាំងមានបច្ចុប្បន្ន។ គេក៏ដឹងថា វៀតណាមក៏មានវ៉ាក់សាំងអាមេរិក ចិន ដែរ ទោះភាគច្រើនជាវ៉ាក់សាំងអង់គ្លេសក៏ដោយ ហើយក៏កំពុងផលិតវ៉ាក់សាំងខ្លួនឯង ទៀតផង។
ទីភ្នាក់ងារព័ត៌មានមួយនេះក៏បានចេញផ្សាយដែរថា វៀតណាមបានសម្រេចចាក់វ៉ាក់សាំងជូនពលរដ្ឋ ប្រមាណ២០លាននាក់ហើយ សម្រាប់អ្នកចាក់មួយដូស តែសម្រាប់ការចាក់ដូសទី២ មានប្រមាណ២.៦លាននាក់ហើយដែរ។ វៀតណាមគ្រោងថា នឹងប្រមូលវ៉ាក់សាំងកូវីដ១៩ ឲ្យបាន១៥០លានដូស ចាក់ជូនប្រជាពលរដ្ឋ ៧០ភាគរយនៃចំនួនប្រជាជនសរុប ៩៦លាននាក់ ត្រឹមឆ្នាំក្រោយ៕