ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំអំពីការរៀបចំគម្រោងមុខវិជ្ជា និងកិច្ចតែងការបង្រៀន
ដីឥដ្ឋ : នៅរសៀលថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានបើកកិច្ចប្រជុំណែនាំអំពីការរៀបចំគម្រោងមុខវិជ្ជានិងកិច្ចតែងការបង្រៀន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម បានធ្វើការណែនាំនិងត្រៀមចុះត្រួតពិនិត្យនៅតាមអាសនៈនីមួយៗ អំពីការរៀបចំគម្រោងមុខវិជ្ជានិងកិច្ចតែងការបង្រៀន ដោយធ្វើយ៉ាងណាឱ្យស្របទៅនឹងលទ្ធផលរំពឹងទុក ពីព្រោះវាជាកត្តាសំខាន់សម្រាប់គ្រូបង្រៀនម្នាក់ៗដែលត្រូវធ្វើជាប្រចាំមុនពេលឡើងបង្ហាត់បង្រៀន។ ក្នុងនោះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានផ្តោតលើចំណុចមួយចំនួនដែលត្រូវកែតម្រូវ ដើម្បីឆ្លើយតបទៅនឹងសេចក្តីណែនាំផែនការសកម្មភាព និងនិយាមគរុកោសល្យ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពកម្មវិធីអប់រំ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យឯកឧត្តម សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ត្រៀមរៀបចំជ្រើសរើសគ្រូនគរបាលជាតិ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលគរុកោសល្យផ្ទៃក្នុងនាពេលខាងមុខ៕ដោយ-រ៉ាវុធ