លោក ចូ បៃដិន៖ យើងត្រូវចាត់វិធានការណ៍ជាបន្ទាន់ ក្រោយព្យុះ Ida ឆក់យកអាយុជីវិតមនុស្សប្រមាណ៦០នាក់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាថា នឹងជួយដល់អ្នកដែលរងផលប៉ះពាល់ដោយសារព្យុះដ៏កំណាច Ida ដោយលោកបាននិយាយថា លោកនឹងសង្កត់ធ្ងន់លើសភា ដើម្បីចាត់វិធានការចំពោះវិបត្តិអាកាសធាតុថ្មីៗ ដែលកំពុងកើតឡើងនៅទូទាំងប្រទេស។
គិតមកទល់ពេលនេះ នៅភាគឦសានមានមនុស្សស្លាប់ចំនួន៤៥នាក់ត្រូវបានរាយការណ៍ដោយសារព្យុះនេះ។ សរុបមក មានអ្នកស្លាប់យ៉ាងតិច៦០នាក់នៅទូទាំងរដ្ឋចំនួន៨ដោយសារព្យុះ Ida។ ថ្លែងអំពីផលប៉ះពាល់ដែលបណ្តាលដោយព្យុះ Ida លោក ចូ បៃដិន បានបញ្ជាក់ថា ទីក្រុងញូវយ៉ក បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបពេញមួយខែកញ្ញា។ ជាមួយគ្នានេះ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ដល់អភិបាលឆ្នេរខាងកើតថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធកំពុងត្រៀមខ្លួនផ្តល់ជំនួយ។
គួរកត់សម្គាល់ ការប្រកាសអាសន្នអំពីគ្រោះជំនន់ទឹកភ្លៀង ត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងញូវយ៉ក ស្របពេលដែលស្ថានីយ៍រថភ្លើងក្រោមដីបានប្រែក្លាយទៅជាទឹកជ្រោះ ហើយផ្លូវកណ្តាលក្រុងក្លាយជាទន្លេ។ រដ្ឋញូវយ៉ក និងទីក្រុងញូវយ៉ក សុទ្ធតែបានប្រកាសភាពអាសន្ន៕ ប្រភព៖ Reuters




