ឯកឧត្តម ប៉ាន សូស័ក្ត ស្នើឱ្យភាគីឥណ្ឌាបង្កើនការវិនិយោគ នៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែម នូវម៉ាស៊ីនកសិកម្មផ្សេងៗ
ភ្នំពេញ៖ ការស្នើសុំនេះ គឺនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងការកោតសរសើរនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និង ទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ឋនៃប្រទេសទាំងពីរ និងបានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។
ក្នុងកិច្ចជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត Devyani Uttam Khobragadeបានផ្លាស់ប្តូរយោបល់ លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរផងដែរ ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនលោកជំទាឯកអគ្គរដ្ឋទូត អំពីផលិតផលកសិកម្ម សក្តានុពល
របស់កម្ពុជា ដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត Devyani Uttam Khobragade បានសម្តែងនូវការគាំទ្រក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌា មកកាន់កម្ពុជាបន្ថែមទៀត ហើយក៏បានលើកទ្បើងអំពីបំណងក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ច រវាងភាគីទាំងពីរ ឥណ្ឌា កម្ពុជា ក្នុងពេលអនាគតដ៏ខ្លីផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវ បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ និងបន្តសហការ និងគាំទ្រគា្នទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សំដៅជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកាន់ទ្បើងជាបន្តបន្ទាប់ទៀត៕