អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការដោះស្រាយដី នៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងបញ្ហាដីបឹងតាកែវ ក្រុងដូនកែវ
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការដោះស្រាយដីនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងបញ្ហាដីបឹងតាកែវ ក្រុងដូនកែវ នៅព្រឹកថ្ងៃសុក្រ ទី ០៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសាលប្រជុំរដ្ឋបាលខេត្ត លើអគារច្រកចេញចូលតែមួយ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក ម៉ឹង វុធី អភិបាលរងខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត លោកប្រធានមន្ទីរជំនាញសុរិយោដី ធនធានទឹក អភិវឌ្ឍន៍ជនបទ និងលោកអភិបាលក្រុងដូនកែវ អភិបាលស្រុកត្រាំកក់ និងលោកមេឃុំ ចៅសង្កាត់នៃក្រុងស្រុកពាក់ព័ន្ធចូលរួមផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ណែនាំទៅដល់មន្រ្តីនៃមន្ទីរជំនាញ ក៏ដូចជាលោកអភិបាលក្រុងដូនកែវ និងលោកអភិបាលស្រុកត្រាំកក់ មេឃុំ ចៅសង្កាត់ ត្រូវបន្តចុះពិនិត្យមើលជាប់ជាប្រចាំនៅកន្លែងដីដែលមានបញ្ហា ពិសេសបញ្ហាដីបឹងតាកែវ ដោយត្រូវទប់ស្កាត់រាល់សកម្មភាពកាន់កាប់ដោយខុសច្បាប់ឬលុបបឹងតាកែវ យកមកធ្វើជាកម្មសិទ្ធិបានជាដាច់ខាត ម្យ៉ាងទៀតមន្ទីរជំនាញពាក់ព័ន្ធត្រូវសហការចុះផងដែរ ចុះពិនិត្យមើលរាល់ការកាយអាចម៍ដីនៅអាង ថាតើក្រុមហ៊ុនដែលមានសិទ្ធិធ្វើអាជីវកម្មកាយទាំងនោះ កាយត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេសដែរឬទេ៕ដោយ-រ៉ាវុធ