សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយសុវត្តិភាព

អត្ថបទដោយ៖
Kien Sereyvuth

នៅម៉ោងប្រមាណ ១៥ និង ០៥នាទី ម៉ោងនៅសេអ៊ូល ត្រូវនឹងម៉ោង ១៣ និង ០៥នាទី ម៉ោង នៅភ្នំពេញ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធ សន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅ សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងសេអ៊ូល ប្រទេសកូរ៉េ វត្តមាននៃការអញ្ជើញ ដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ។

ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំ ជាមួយ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម ។

ជាមួយគ្នានេះសម្តេចតេជោ ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូល ស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេស មួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូល ពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ។

ទន្ទឹងនឹងនេះ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េ មានចំណងទាក់ទងជាមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការដ៏ល្អ ប្រសើរ លើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការងារ និងការអប់រំ ជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner