ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តអាទិភាព សម្រាប់ឆ្នាំ២០២០ និងឆ្នាំបន្ត
ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាយុទ្ធសាស្រ្តអាទិភាព សម្រាប់ឆ្នាំ២០២០ និងទិសដៅការងារឆ្នាំបន្ត នេះជាបញ្ជាក់របស់ ឯកឧត្តម ស សុខា ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកីឡា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមសរុបប្រមាណ៣០០នាក់ មកពីអង្គភាពជំនាញក្រោម អគ្គនាយកដ្ឋានកីឡា សហព័ន្ធកីឡជាតិ អង្គការជាដៃគូ ។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ទសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ត្រូវប្តេជ្ញាសម្រេចឲ្យបាននូវមុំមួយក្នុងចំណោមមុំទាំង៤គឺ “ការពង្រឹង គុណភាពអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដោយផ្តល់អាទិភាព និងយកចិត្តទុកដាក់លើគ្រូបង្រៀន ការពង្រឹងវិសាលភាពសាលារៀនគ្រប់កម្រិត ការពង្រឹងអធិការកិច្ច គ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលារៀន ការជំរុញការអប់រំបច្ចេកទេស នៅមធ្យមសិក្សាទុតិយភូមិ ការអប់រំបំណិនឲ្យស្របតាម ទីផ្សារការងារ ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលគ្រប់ជ្រុងជ្រោយ និងការត្រៀមប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្តម បញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះ ក្នុងអង្គសន្និបាត ឆ្នាំកន្លងមក ឯកឧត្តម រដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្រ្តកំណែទម្រង់លើវិស័យ អប់រំកាយ និងកីឡា ចំនួនដប់ចំនុច ការរៀបចំផែនការ សកម្មភាពរយៈពេល៥ឆ្នាំ ដើម្បីអនុវត្តន៍គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងរៀបចំកែទម្រង់ការប្រកួតកីឡាជាតិ ស្របតាមស្តង់ដារកីឡាស៊ីហ្គម លើវិញ្ញាសាកីឡាសក្តានុពល ហើយផ្តល់អាទិភាពសិក្សាទៅលើប្រភេទ និងវិញ្ញាសាកីឡាទាំងនោះ អំពីភាពខ្លាំង របស់ប្រទេសក្នុងតំបន់អាស៊ាន ចំនុចមួយទៀត ត្រូវបំពាក់សម្ភារៈហ្វឹកហាត់តាមលក្ខណៈស្តង់ដារ លើប្រភេទ និងវិញ្ញាសាកីឡាអាទិភាព និងការផ្តល់ថវិកាគាំទ្រដល់សហព័ន្ធ ការលើកកម្ពស់កីឡាប្រពៃណី តាមរយៈកីឡាជាតិ លើកទី៣ ដើម្បីពង្រឹង និងពង្រីកសមាគមក្លិប ឲ្យមានសកម្មភាពផុសផុលបន្ថែមទៀត ។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថា ចាប់ពីឆ្នាំនេះទៅ ត្រូវពង្រាយគ្រូអប់រំកាយ និងកីឡាតាមរាជធានី-ខេត្ត ឲ្យបានគ្រប់គ្រាន់ ដើម្បីជំរុញការបណ្តុះបណ្តាល កីឡាករថ្នាល និងកីឡាករជម្រើសជាតិ ការតាមដាន និងវាយតម្លៃបច្ចេកទេសត្រឹមត្រូវ ពង្រឹងការអប់រំកាយ និងកីឡា ក្នុង និងក្រៅសាលារៀន ជាពិសេសជំរុញការហាត់ប្រាណ ការបង្កើតក្លិបកីឡា នៅតាមខេត្តគោលដៅនីមួយៗ ។
សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារ អនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំទន្លេបាសាក់២ ព្រមទំាងមានតំណាង គណៈកម្មាការជាតិអូឡាំពិក តំណាងគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងតំណាង មន្ទីរអប់រំ និងកីឡា ទាំង២៥ រាជធានី ខេត្ត ក្រុង និងមន្ត្រីរាជការក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ៕




