ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនកម្ពុជាបានសម្រេចការងាររាប់មិនអស់ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិ លើវិស័យនយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស
ភ្នំពេញៈ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុជនកម្ពុជាបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា (CPP) បានសម្រេចការងាររាប់មិនអស់ ជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិលើវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម ដោយលើកកម្ពស់ជីវភាពរបស់ប្រជាជនទូទាំងប្រទេស ក្នុងនោះទោះសម្រេចបានច្រើន ហើយទោះមិនបានល្អឥតខ្ចោះ ប៉ុន្តែ CPP ប្តេជ្ញាបន្តបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាកន្លងមកនាពេលបច្ចុប្បន្ននិងតទៅអនាគតសម្រាប់កូនខ្មែរគ្រប់ជំនាន់។ នេះបើយោងការបញ្ជាក់របស់ឯកឧត្តមនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឯកឧត្តមបានបន្តថា លោកជាអ្នកនយោបាយក្នុងក្របខ័ណ្ឌគណបក្សប្រជាជនកម្ពុជា ដែលមានបេសកកម្មបម្រើប្រទេស និងប្រជាជនកម្ពុជា។ បេសកកម្មក្នុងការរំដោះជាតិ ស្វែងរកសន្តិភាព បង្រួបបង្រួមជាតិក្រោមរដ្ឋធម្មនុញតែមួយ អភិវឌ្ឍន៍ប្រទេសជាតិគ្រប់ដំណាក់កាលដោយចេញពីបាតដៃទទេ និងការនៅជាមួយប្រជាជនគ្រប់គ្រា និងគ្រប់កាលៈទេសៈ។ ជាពិសេសក្នុងគ្រាលំបាកមិនថាគ្រោះមហន្តរាយទឹកជំនន់ ឬក្នុងដំណាក់កាលកូវីដ-១៩ គណបក្សប្រជាជននៅជាមួយប្រជាជន និងរួមដោះស្រាយបញ្ហា និងផ្តល់ការផ្គត់ផ្គង់ជូនប្រជាជន។
ក្នុងសំណេរដដែលនេះឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា “ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ នូវបទយកការណ៍របស់RFI ជាពិសេសការវិភាគនីមួយៗ។ ខ្ញុំចាត់ទុកថា វាជាមេរៀនបន្ថែមសម្រាប់ខ្ញុំក្នុងនាមជាអ្នកនយោបាយដែលត្រៀមទទួលមតិ និងគំនិតដែលអាចបង្កើនការយល់ដឹងរបស់ខ្ញុំ ដូចដែលពុកតែងតែអប់រំណែនាំ ជាពិសេសគំនិតដែលឱ្យរូបខ្ញុំបានយល់ច្បាស់ថា អ្វីដែលត្រូវការសម្រាប់ការធ្វើនយោបាយក្នុងក្របខ័ណ្ឌ “នយោបាយដែលមានលក្ខណៈសមស្របទៅនឹងបរិបទ real politik (ដែលកត្តាខាងក្នុងជាកត្តាកំណត់ ក្រោមការជះឥទ្ធិពលពីកត្តាខាងក្រៅ) របស់កម្ពុជាក្នុងនាមជាអ្នកនយោបាយ មកពីគណបក្សដឹកនាំប្រទេសជាតិ។ ខ្ញុំឈ្មោះ ហ៊ុន ម៉ានីជាពលរដ្ឋខ្មែរដែលជឿជាក់ជ្រើសរើស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូចប្រជាពលរដ្ឋរាប់លានអ្នកដែលបានបោះឆ្នោតលើសលប់គាំទ្រ CPP គ្រប់ការបោះឆ្នោត។ សំឡេងរបស់ខ្ញុំជាសំឡេងពលរដ្ឋខ្មែរមួយរូប”៕
ដោយៈពលជ័យ