លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដាចំនួន ៥,០០០ម៉ាស់ ជូនដល់មេបញ្ជាការរងមូលដ្ឋានកងទ័ពជើងទឹក
ខេត្តព្រះសីហនុ ៖ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា បាននាំយកម៉ាស់ការពារប្រភេទ KN95 ស្តង់ដា GB2626-2006 ចំនួន ៥,០០០ម៉ាស់ ដែលនាំចូលពីប្រទេសកាណាដា ផលិតនៅប្រទេសចិន ដែលជាអំណោយរបស់ ឯកឧត្តម ថោង រដ្ឋសក្កិ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា ជូនដល់ លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរងមូលដ្ឋានសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ សម្រាប់ការប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ របស់មូលដ្ឋានសមុទ្រ ។
សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានជម្រាបជូនលោកឧត្តមនាវីទោ គឹម សាវុធ អំពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ ( South East Asian Sailing Championship ) នាថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយមានប្រទេសចូលរួមចំនួន ៥ប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីទទួលបានការឯកភាព ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការនៃមូលដ្ឋានសមុទ្រ ដែលតែងតែជួយសម្របសម្រួល និងផ្តល់ទីតាំងដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា សម្រាប់ការហ្វឹកហាត់ និងទុកដាក់សម្ភារៈទូកក្តោង នៅក្នុងមូលដ្ឋានតាំងពីដើមរៀងមក ។
ឆ្លៀតក្នុងឱកាសនេះ លោក សោម សុទ្ធរិទ្ធិពង្ស ក៏បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនី និងសម្ភារទូកក្តោង ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍ នាពេលខាងមុខនេះ ។
លោក សោម សុទ្ធរិទ្ធិពង្ស ក៏បាននាំយកម៉ាស់ការពារ KN95 ស្តង់ដា GB2626-2006 ចំនួន ១,០០០ម៉ាស់ ដែលជាអំណោយរបស់ ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធ ជូនដល់ក្រុមគ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនី របស់សហព័ន្ធកីឡាទូកក្តោង សម្រាប់ការការពារនឹងជម្ងឺកូវីដ-១៩ ។
សូមប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ ។