ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តបាត់ដំបងស្តីទី បានអញ្ជើញចែកម៉ាស់ជូនប្រជាពលរដ្ឋចេញចូលតាមច្រកអន្តរជាតិដូង ជាមួយអាជ្ញាធរ កងកម្លាំង និងក្មួយៗយុវជនយុវនារីសិស្សានុសិស្សស្រុកកំរៀង
ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តបាត់ដំបងស្តីទី បានអញ្ជើញចែកម៉ាស់ដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង របស់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ខែកុម្ភៈ២០២០នេះ។

ម៉ាស់ដែលយកទៅចែកជូនដល់បងប្អូនប្រជាពលករប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិដូង( កម្ពុជា-ថៃ)នេះ គឺមានចំនួន ១៥.០០០
ម៉ាស់ ដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក តាមរយៈលោកឧត្តមសេនីយ មេបញ្ជាការរងនៃយោធភូមិភាគទី៥ ចាន់ រដ្ឋា។ការចែកម៉ា
ស់ នេះបានប្រព្រឹត្តទៅនៅមាត់ច្រកទ្វារអន្តរជាតិដូង ដោយមានការចូលពីប្រធានច្រក អាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង មន្ត្រីរាជការស៊ីវិលក្នុងស្រុក កងកម្លាំងប្រដាប់អាវុធប្រចាំការទីនោះ និងពីអាជ្ញាធរមូលដ្ឋានផ្ទាល់ព្រមទាំងក្មួយៗជាយុវជន-យុវនារី សិស្សានុសិស្ស ជាច្រើនទៀត។

តាមការគូសបញ្ជាក់ពីមន្ត្រីសុខាភិបាលនៅទីនោះបានឲ្យដឹងថា៖ កន្លងមកនេះ ក៏មានការចែកម៉ាស់ជូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរចេញ-ចូលឆ្លងកាត់ទីនេះរួចម្តងហើយកាលពីថ្ងៃទី២៨ខែមករាថ្មីៗកន្លងទៅនេះ ដោយមន្ទីរសុខាភិបាល
ខេត្តបាត់ដំបង ដែលដឹកនាំដោយលោក ប្រធានមន្ទីរផ្ទាល់ ហើយការចែកម៉ាស់នៅថ្ងៃនេះមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានយកម៉ាស់ ចំនួន ១.០០០ម៉ាស់ ដើម្បីចូលរួមចែក ផងដែរ។

ឯកឧត្តម ហឿង សុគន្ធ អភិបាលខេត្តបាត់ដំបង ស្តីទី បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងខណៈពេលដែលកំពុងចែកម៉ាស់ និងពាក់ម៉ាស់ជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ផងនោះ បានលើកឡើងថា៖ ការចែកនិងពាក់ម៉ាស់នៅពេលនេះ គឺមិនមែនមានន័យថានៅស្រុកយើងមានករណីកើតឡើងជម្ងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្តាលមកពីវីរុសកូរ៉ូណានោះទេ?ហើយករណីបែបនេះ ក៏មិនទាន់កើតមាននៅក្នុងប្រទេសយើងនោះដែរ?តែការពាក់ម៉ា
ស់បែបនេះ គឺដើម្បីថែរក្សាសុខភាពបងប្អូនម្នាក់ៗពីការចម្លងមេរោគផ្សេងៗពីមនុស្សម្នាក់ទៅមនុស្សម្នាក់តែប៉ុណ្ណោះ។

ការចែកម៉ាស់និងពាក់ម៉ាស់ជូនបងប្អូននៅពេលនេះ ដើម្បីបំផុសឲ្យបងប្អូនប្រជាពលរដ្ឋយើង យកចិត្តទុកនិងចេះស្វែងយល់ចេះគិតគូរពីសុខភាពផ្ទាល់ខ្លួនម្នាក់ៗដោយផ្តោតសំខាន់គឺការពារ ប្រសើរជាងការព្យាបាល ដោយត្រូវចេះរស់នៅប្រកបដោយអនាម័យត្រឹមត្រូវទើបយើងមិនប្រឈមពីការចម្លងមេរោគនិងជម្ងឺតម្កាត់ផ្សេងៗ ៕ធ.ដ
អត្ថបទ-រូបភាព៖ អ៊ុក សំអាន
