លោក បូរីស ចនសុន ថ្លែងថា “នេះមិនមែនជាការបញ្ចប់ទេ តែជាការចាប់ផ្តើមយុគសម័យថ្មីមួយ” ខណៈអង់គ្លេសចាកចេញពីអឺរ៉ុបជាផ្លូវការហើយ
អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងថា ការចាកចេញពីសហភាពអឺរ៉ុបមិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមយុគសម័យថ្មីមួយ ខណៈអះអាងនេះធ្វើឡើងស្របពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុបជាផ្លូវការហើយ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាង៤៧ឆ្នាំ និងជាង០៣ឆ្នាំកន្លះ បន្ទាប់ពីការបោះឆ្នោតប្រជាមតិ Brexit ។

ជាមួយគ្នានេះ លោក ចនសុន បាននិយាយថា យើងចង់ឱ្យការចាកចេញនេះក្លាយជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងអឺរ៉ុបនិង អង់គ្លេស… ចក្រភពអង់គ្លេសដែលជាមហាអំណាចដ៏អស្ចារ្យនៅអឺរ៉ុបផង និង សកលលោកផងនៅក្នុងមហិច្ឆតា និងសមត្ថភាពរបស់យើង…. ហើយមិនថា មានការរលាក់ខ្លាំងនៅលើផ្លូវនៅខាងមុខយ៉ាងណានោះទេ លោកដឹងថាយើងនឹងជោគជ័យ ។ សូមបញ្ជាក់ថា ការចាកចេញពីអឺរ៉ុបរបស់អង់គ្លេស ធ្វើឡើងនៅម៉ោង១១ និង០១នាទីយប់ថ្ងៃទី៣១ ខែមករានេះ (ម៉ោងក្នុងតំបន់) អមទៅដោយការអបអរសាទរពីសំណាក់អ្នកគាំទ្រ Brexit និងបាតុកម្មតវ៉ារបស់ក្រុមអ្នកប្រឆាំង Brexit ។

អង់គ្លេសមានរយៈពេល១១ខែ ដើម្បីចរចាពីអនាគតនៃទំនាក់ទំនងរបស់ខ្លួនជា មួយ អឺរ៉ុប ។ ក្នុងករណីមិនអាចឈានដល់កិច្ចព្រមព្រៀង នោះវានឹងធ្វើឱ្យ Brexit មានស្ថានភាពលំបាកបំផុត ដែលអាចនឹងបង្កឱ្យខូចខាតដល់សេដ្ឋកិច្ចទាំងសងខាង ឬក៏ពិភពលោក ។ កិច្ចចរចាជាផ្លូវការនឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៣ ខែមីនាខាងមុខនេះតទៅ ហើយក្នុងពេលជាមួយគ្នា ភាគីទាំងពីរនឹងដាក់ចេញនូវអាទិភាពរៀងៗខ្លួន ព្រមទាំងបន្ទាត់ក្រហមរបស់ពួកគេផងដែរ ៕ធ.ដ

