លោក ដូណាល់ ត្រាំ សន្យានៅចំពោះមុខអ្នកគាំទ្រនៅរដ្ឋ អៃយ៉ូវ៉ា ថា នឹងយកឈ្នះដាច់លើក្រុមប្រជាធិបតេយ្យ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅចំពោះមុខអ្នកគាំទ្រក្នុងរដ្ឋអៃយ៉ូវ៉ា ជារដ្ឋកសិកម្មរបស់សហរដ្ឋអាមេរិកបានសន្យាថា នៅខែវិច្ឆិកាខាងមុខនេះ យើងនឹងតតាំងយកឈ្នះក្រុមប្រជាធិបតេយ្យសង្គមនិយម ។

នៅទីក្រុងដេស ម័រណេស រដ្ឋអៃយ៉ូវ៉ា ដែលជារដ្ឋដើរតួនាទីសំខាន់ក្នុងការសម្រាំងបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សប្រជាធិបតេយ្យនោះ លោក ដូណាល់ ត្រាំ បានបរិហារពីការឆ្កួតលីលារបស់ក្រុមឆ្វេងនិយមរ៉ាឌីកាល់ ដែលមានការយល់ច្រឡំលើគូប្រជែងដ៏មានសក្ដានុពលរបស់ខ្លួន ។ លោក ត្រាំ បន្ថែមថា យើងនឹងឈ្នះក្នុងរដ្ឋអៃយ៉ូវ៉ា ហើយប្រសិនបើយើងមិនឈ្នះ នោះនឹងក្លាយជាសុបិន្តអាក្រក់សម្រាប់អ្នករាល់គ្នា ក្នុងការធ្វើអាជីវកម្មកសិកម្ម ។

ទាក់ទិននឹងការចង់ទម្លាក់លោកពីសំណាក់ក្រុមប្រជាធិបតេយ្យវិញ លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេចង់ផាត់ចោលការបោះឆ្នោតរបស់លោកអ្នក ។ ដោយចាត់ទុកសេដ្ឋកិច្ចសហរដ្ឋអាមេរិកជាសក្តានុពលនាំមុខនោះ ប្រធានាធិបតីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា លោកបានបំពេញអ្វីៗប្រសើរជាងប្រធានាធិបតីណាៗទាំងអស់ក្នុងដំណាក់កាលនេះ ៕ធ.ដ
