ប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចុះពិនិត្យ និងប្រជុំពិភាក្សាអំពីស្ថានភាពទូទៅនៃពីការត្រៀមបង្ការជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប
សៀមរាប៖ នៅព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប រដ្ឋបាលខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្ត តំណាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត និងគណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយឯកឧត្តម ចយ សុភាព ទីប្រឹក្សា គ.ជ.គ.ម និងឯកឧត្តម សេង សំបាន ទីប្រឹក្សា គ.ជ.គ.ម បានចុះពិនិត្យ និងប្រជុំពិភាក្សាអំពីស្ថានភាពទូទៅនៃពីការត្រៀមបង្ការជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV)។

មន្ទីរសុខាភិបាលបានរាយការណ៍អំពីការងារដែលមន្ទីរបានត្រៀមការពារ និងឆ្លើយតប ចំពោះជំងឺរលាកសួត កូរ៉ូណាថ្មី(2019-nCoV) ដែលក្នុងនោះ ក្រសួងសុខាភិបាល បានផ្តល់ម៉ាស៊ីនស្កែនចំនួន២គ្រឿង សម្រាប់បំពាក់នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលមានក្រុមការងារចត្តាឡីស័កចំនួន១៦នាក់ ដោយបែងចែកវេន ប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង។ ជាលទ្ធផល គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មន្ត្រីចត្តាឡីស័ក បានស្កែនអ្នកធ្វើដំណើរ ។

ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត បានត្រៀមអគាររក្សាអ្នកជំងឺដាច់ដោយឡែក និងគ្រូពេទ្យ ព្រមទាំងការបំពាក់បរិក្ខា ឧបករណ៍ សម្រាប់ឆ្លើយតបផងដែរ។ គិតមកត្រឹមព្រឹកនេះនា ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ ខេត្តសៀមរាប ពុំទាន់មានអ្នកជំងឺរលាកសួត វីរុសកូរ៉ូណាថ្មី (2019-nCoV) នៅឡើយទេ។
ចំពោះ ករណីសង្ស័យ ឬមានបំណងរាយការណ៍អំពីជំងឺនេះ សូមទំនាក់ទំនងទូរស័ព្ទលេខ ១១៥ ដោយមិនមានការគិតថ្លៃ៕ ធ.ដ
ដោយ ស៊ាន សុផាត





