ព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្តដំណើការសួរដេញដោល ក្នុងការជំនុំជម្រះដកតំណែងលោក ដូណាល់ ត្រាំ
សហរដ្ឋអាមេរិក៖ ព្រឹទ្ធសភាអាមេរិកបន្តសួរដេញដោលក្រុមមេធាវីការពារក្តីឲ្យលោក ដូណាល់ ត្រាំ និងក្រុមរដ្ឋអាជ្ញានៃសភាតំណាងរាស្ត្រ នៅថ្ងៃទី៣០ ខែមករានេះ (ម៉ោងក្នុងតំបន់) ដែលជាថ្ងៃចុងក្រោយ ដើម្បីជំនុំជម្រះដកតំណែងលោក ត្រាំ ខណៈការសម្រេចចិត្តដើម្បីកោះហៅសាក្សីបន្ថែម នៅមានភាពស្រពេចស្រពិលនៅឡើយ ។

មេធាវីរបស់លោក ដូណាល់ ត្រាំ គឺលោក អាលែន ឌឺសូវីត បានប្រកែកកាលពីថ្ងៃទី២៩ខែមករាយ៉ាងដូច្នេះថា រាល់មន្ត្រីសាធារណៈដែលខ្ញុំស្គាល់សុទ្ធតែជឿថា ការជាប់ឆ្នោតរបស់លោក ត្រាំ គឺជាប្រយោជន៍សម្រាប់សាធារណជន ហើយប្រសិនបើប្រធានាធិបតីម្នាក់បានធ្វើអ្វីមួយដែលលោកជឿថា នឹងជួយលោកឲ្យជាប់ឆ្នោត ដើម្បីជាប្រយោជន៍ដល់សាធារណជន នោះវាមិនអាចចាត់ទុកថា ជាការដោះដូរប្រយោជន៍ដែលអាចឈានដល់ការដកតំណែងប្រធានាធិបតីនោះទេ ។

ជាមួយគ្នានេះ ប្រធានក្រុមរដ្ឋអាជ្ញានៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាមកពីខាងគណបក្សប្រជាធិបតេយ្យលោក Adam Schiff បានចាត់ទុកអំណះអំណាងរបស់មេធាវីលោក ត្រាំ ថា មិនមានហេតុផលដោះបន្ទុកគ្រប់គ្រាន់នោះទេ និងថា អំណះអំណាងនេះគ្មានផ្អែកលើច្បាប់ទម្លាប់អ្វីទាល់តែសោះលោកសង្ឃឹមថា ពលរដ្ឋអាមេរិកគ្រប់រូបអាចដឹងថា ការពឹងឲ្យបរទេសជួយឲ្យជាប់ឆ្នោតគឺជាទង្វើដែលខុស ហើយពលរដ្ឋអាមេរិកគួរសម្រេចទៅលើការបោះឆ្នោត ៕ធ.ដ

