UN សាទរការដោះលែងកូនប្រុសលោកហ្គាដាហ្វី
អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញពីការសាទរចំពោះការដែលអាជ្ញាធរប្រទេសលីប៊ីបានដោះលែងលោក Al-Saadi Gaddafi ដែលជាកូនប្រុសរបស់អតីតមេដឹកនាំ Muammar Gaddafi ដែលត្រូវបានទម្លាក់ចេញពីតំណែង និងសម្លាប់ កាលពីឆ្នាំ២០១១។
បេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅលីប៊ីបានចេញសេចក្តីថ្លែងការថា «អង្គការសហប្រជាជាតិគាំទ្រចំពោះការដោះលែង ដែលធ្វើឡើងកាលពីថ្ងៃទី៥ កញ្ញា ចំពោះលោក Al-Saadi Gadhaffi និង លោក Ahmed Ramadan ព្រមទាំងមន្ត្រី៦នាក់ផ្សេងទៀតធ្លាប់បំរើការនៅក្នុងពេលដឹកនាំរបស់ ហ្គាដាហ្វី ដែលពួកគេត្រូវបានឃុំខ្លួន ចន្លោះពី៧ឆ្នាំ ឬច្រើនជាងនេះ។ ការដោះលែងលោក Al-Saadi Gadhaffi ធ្វើឡើងស្របតាមបទបញ្ជាផ្លូវច្បាប់បន្ទាប់ពីតុលាការលីប៊ី សម្រេចដោះលែងគាត់ ក្នុងឆ្នាំ ២០១៩។»
រដ្ឋាភិបាលលីប៊ីបានប្រកាសពីផែនការដោះលែងអ្នកទោសទាំងអស់ ដែលត្រូវបានសម្រេចឲ្យមានសេរីភាពដោយតុលាការដែរ ជាផ្នែកមួយនៃយុទ្ធនាការផ្សះផ្សាជាតិទ្រង់ទ្រាយធំ នៅលីប៊ី៕ ប្រភពពីស៊ីនហួរ

