រដ្ឋមន្រ្តី G20 ព្រមព្រៀងគ្នាលើផែនការផ្ដល់វ៉ាក់សាំង Covid-19 បន្ថែមដល់បណ្ដាប្រទេសក្រីក្រ
រ៉ូម៖ រដ្ឋមន្រ្តីសុខាភិបាលមកពីក្រុមប្រទេសអ្នកមានទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបោះជំហានឆ្ពោះទៅរកផែនការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងចំណោមប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសក្រីក្រ។
រដ្ឋមន្រ្តីសុខាភិបាលអ៊ីតាលី លោក រ៉ូប៊ឺតូ ស្ពេរ៉ាន់ហ្សា ថ្លែងថា បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលពីរថ្ងៃ ក្រុមរដ្ឋមន្ត្រី G20 បានយល់ព្រមលើផែនការទូលំទូលាយដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ និងវ៉ាក់សាំង ក្នុងគោលបំណងបន្ថយការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងប្រទេសក្រីក្របំផុត។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមរដ្ឋមន្រ្តី G20 បានឯកភាពថា ពួកគេគួរតែផ្តល់សារដ៏រឹងមាំ នៃកិច្ចសហប្រតិ បត្តិការ សាមគ្គីភាព និងយុត្តិធម៌ នៅក្នុងជំនឿយ៉ាងមុតមាំថា គ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។ លោក ស្ពេរ៉ាន់ហ្សា បានសង្កត់ធ្ងន់ថា ប្រសិនបើយើងទុកចោលនូវផ្នែកមួយចំនួននៃពិភពលោកដោយគ្មានវ៉ាក់សាំង យើងប្រថុយនឹងការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន ដែរតា ហើយ ដែលវានឹងធ្វើឱ្យយើងទាំងអស់គ្នាពិបាក.. សាររបស់យើងច្បាស់ណាស់ គឺចង់មានន័យថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទេ។
គួរកត់សម្គាល់ អ៊ីតាលីដែលកំពុងកាន់តំណែងជាប្រធានក្រុមប្រទេស G20 ក្នុងឆ្នាំ២០២១នេះបានបញ្ជាក់ថា កិច្ចប្រជុំដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងនយោបាយ ដើម្បីបង្កើនការគាំទ្រដល់ប្រទេសក្រីក្រ និងបញ្ជូនវ៉ាក់សាំងបន្ថែមទៀតដល់ពួកគេផងដែរ៕ ប្រភព៖ ស៊ីនហួរ


