មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានបន្តបើកយុទ្ធនាការចុះវ៉ាក់សាំង និងព្យាបាល ជំងឺដុំពកលើស្បែក គោ ក្របី ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្របែក
ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ខេត្តព្រៃវែង រួមជាមួយមន្ត្រីជំនាញខេត្ត ស្រុក នឹងភ្នាក់ងារសុខភាពសត្វភូមិ បានអញ្ជើញ បន្តចាក់វាក់សាំងការពារជំងឺដុំពក គោ ក្របី ជូនប្រជាពលរដ្ឋ នៅ ភូមិឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខែត្តព្រែវែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងនោះលោក អ៊ុក សំណាង បានលើកឡើងថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ថ្នាំព្យាបាលនឹងវ៉ាក់សាំងការពារជំងឺដុំពកស្បែក គោ ក្របី ដើម្បីចាក់ជូន គោ ក្របី របស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា។ ជាមួយគ្នានេះ ជា សុមេធី អភិបាលខេត្តព្រៃវែងក៏ជម្រុញអោយមន្ទីរជំនាញយកចិត្តទុកដាក់ក្នុងផ្តល់សេវាចាក់វ៉ាក់សាំងនឹងជួយព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឲ្យបានខ្លាំងក្លាបន្ថែមទៀត។
លោកប្រធានមន្ទីរ ក៏បានបន្តទៀតថា ជំងឺដុំពកស្បែក គោ ក្របី នេះ គឺភាគច្រើនឆ្លងតាមសត្វល្អិត ដូចជា មូស តាបោម នៅក្នុងក្រោល តាមរយៈការនាំ គោ ក្របីដែលមានជំងឺពីតំបន់ផ្សេងៗ ហើយអាចឆ្លងតាមរយៈការស៊ីចំណី និងផឹកទឹករួមគ្នា ទឹកដោះ ការបង្កាត់ពូជ ការព្យាបាល(មិនដូរម្ជុល)ជាដើម។
លោក អ៊ុក សំណាង ក៏បានបន្តទៀតថា ដើម្បីកាត់បន្ថយការឆ្លងនៃជំងឺដុំពកលើស្បែក គោ ក្របីនេះសូមបងប្អូនដែលជាម្ចាស់ គោ ក្របី ទាំងអស់ត្រូព្យាយាមធ្វើអនាម័យចំពោះសត្វដោយឧស្សាហ៍លាងទឹកនឹងសាប៊ូឱ្យបានញឹកញាប់ ទាំងនេះគឺអាចជួយកាត់បន្ថយនៃការឆ្លងនៃជំងឺដុំពកលើស្បែកគោនេះបានមួយកម្រិតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការចុះជួយចាក់វ៉ាក់សាំង និងព្យាបាលជំងឺដុំពកស្បែក គោ ក្របី ជូនបងប្អូនប្រជាពរដ្ឋនៅក្នុងខេត្តព្រៃវែង ក៏ដូចជានៅក្នុងស្រុកកំពង់ត្របែកនេះ។ ទាំងនេះគឺធ្វើយ៉ាងណាដើម្បីព្យាបាលនូវជំងឺនេះដែលកើតនៅលើសត្វ គោ ក្របី របស់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋាន។
ឯកឧត្តម អភិបាលរង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វ គោ ក្របី ទាំងអស់ត្រូវយកចិត្តទុកដាក់និងអនុវត្តតាមការណែនាំរបស់ មន្ត្រីជំនាញដែលបានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅវិធីបង្ការ និងទប់ស្កាត់នៃជំងឺដែលកើតឡើងលើសត្វ គោ ក្របី ទាំងអស់នេះ។
ក្នុងនោះឯកឧត្តម អភិបាលរង ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅ ទទួលចាក់វ៉ាក់សាំង ការពារជំងឺកូវីដ19 ឲ្យបានគ្រប់គ្នាដើម្បីបង្ការទប់ស្កាត់ការរាលដាលឆ្លងនូវជំងឺកូវីដ19 នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
ក្នុងយុទ្ធនាការនោះមន្ទីរបានចាក់វាក់សាំងការពារជំងឺដុំពក គោ ក្របី ជូនប្រជាពលរដ្ឋ នៅ ឃុំប្រធាតុនេះ សរុបបានជាង៣០០ក្បាល នឹងចាក់ថ្នាំព្យាបាល បានប្រមាន ៥២ ក្បាល នឹងបានចែកថ្នាំពពណ៌ស្វាយសម្រាប់លាបព្យាបាលបានចំនួនប្រមាណ ១៥០ ដបជូនដល់លោកមេភូមិចំនួន ៩ ភូមិ ដើម្បីយកចែកជូនប្រជាកសិករដែលមាន គោ ក្របី ឈឺនៅតាមបណ្តាភូមិថែមទៀត។
សូមបញ្ជាក់ថា៖ នៅក្រុងស្រុកកំពង់ត្របែកមាន គោសរុបចំនួន ៦២,១៣៦ ក្បាល ក្របី ២,១៩៨ ក្បាល និងឈឺ ១៨៧ ក្បាល ងាប់ ៤ ក្បាល។ ហើយទូទាំងខេត្តព្រៃវែងមានសត្វគោ ក្របីសរុបចំនួន ៣៧៥,៩២៦ ក្បាល ក្នុងនោះមាន គោ សរុប ៣៦១ .០៦១ ក្របីសរុប ១៤ .៨៦៥ ក្បាល ចំពោះមុខនេះតាមការសម្រង់ស្ថិតិសត្វឈឺ ដុំពកស្បែកសរុបទូទាំងខេត្ត មានសត្វឈឺសរុបចំនួន ៥៤៥ ក្បាល កំពុងបន្តព្យាបាល និងមានងាប់កូនគោចំនួន ៩ ក្បាលផងដែ៕



