វត្តភ្នំព្រះធាតុ ក្នុងស្រុកសាមគ្គីមានជ័យ នៅតែជាទីពេញនិយមសម្រាប់អ្នកមានជំនឿទៅបែបន់បានសាកសិទ្ឋ និងសម្រាប់ភ្ញៀវ ទេសចរណ៍ ទៅលេងកំសាន្ត បើទោះស្ថិតក្នុងសម័យកូវីតយ៉ាងណាក្តី

ខេត្តកំពង់ឆ្នាំង ៖ វត្តភ្នំព្រះធាតុ បច្ចុប្បន្ននៅតែជាទីពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជំនឿទៅបែបន់ និងទៅលាបំណន់ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ យ៉ាងច្រើនកុះករ ដោយមិនសំដៅតែថ្ងៃសីល៍ទាននោះទេ ។

ក្រៅពីអ្នកមានជំនឿអរូបីយ៍ ក៏នៅមានភ្ញៀវទេសចរទៅលេងកម្សាន្តផងដែរ ធ្វើឲ្យវត្តមួយនេះមានមនុស្សរាប់ពាន់នាក់បានទៅកាន់វត្តមួយនេះ បើទោះស្ថិតក្នុងបរិបទកូវីតយ៉ាងណាក្តី វត្តដែលល្បីសាកសិទ្ឋមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដែលមានចំងាយជាង ៣០គីឡូម៉ែត្រពីផ្លូវជាតិលេខ ៥ ត្រង់ចំណុចផ្លូវបំបែកផ្សារត្រាចក្នុងស្រុកកំពង់ត្រឡាច ។

អនុប្រធានគណៈកម្មការវត្តភ្នំព្រះធាតុ លោកតា ប៊ុន សារិទ្ឋ ហៅតាសម្បត្តិ បានប្រាប់ឲ្យដឹងថា វត្តភ្នំព្រះធាតុនេះរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ តែងមានមនុស្ស
មកបែបន់ មកលាបំណន់ និងមកលេងកម្សាន្តយ៉ាងច្រើនកុះករ គឺរាប់ពាន់នាក់ បើរថយន្តវិញគឺរាប់រយគ្រឿង ។

បើទោះបច្ចុប្បន្ន ស្ថិតក្នុងសម័យកូវីដយ៉ាងណាក្តី គណៈកម្មការនៅទីនេះរៀបចំទទួលភ្ញៀវពុំបានដិតដល់ និង ត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង
សុខាភិបាលនោះទេ ដោយសារតែភ្ញៀវមកច្រើនពេក ម្លោះហើយ មានតែប្រឹងស្រែកតាមឧគ្ឃោសនស័ព្ទ ឱ្យបងប្អូនរក្សាគម្លាត និងឱ្យបងប្អូនពាក់ម៉ាស បាញ់អាកុល ដើម្បីការពារជំងឺកូវីដ អ្នកមកទីនេះភាគច្រើនគឺមកពីទីឆ្ងាយៗ គឺមកបែបន់ ដោយពួកគាត់យល់ថាវត្តភ្នំប្រធាតុគឺជាវត្តមួយសាកសិទ្ធណាស់ បន់អីបានហ្នឹង! ខ្លះមកបន់រកស៊ីមានបាន ខ្លះមកបន់សុំកូន ខ្លះមកបន់សុំលក់ដីដាច់ និងខ្លះទៀតមកបន់សុំឱ្យអ្នកជំពាក់លុយសងជាដើម ហើយអ្នកដែលបន់ទាំងនោះទទួលបានផល ស័កសិទ្ធ តែងតែមកលាបំណន់វិញ គឺមកជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ជាថ្ងៃឈប់សម្រាក ។

ដោយឡែកសម្រាប់ថៃ្ងសិល៍ វិញពុំសូវមានមនុស្សប៉ុន្មាននោះទេ គឺមានតែអ្នកក្នុងភូមិជិតៗហ្នឹងតែប៉ុណ្ណោះ ។

ក្រៅពីអ្នកមកបែរបន់ និងមកលាបំណន់ សុំសុខសប្បាយ ក៍នៅមានអ្នកមកលេងកម្សាន្តជាច្រើនផងដែរ ដោយពួកគាត់បានឡើងទៅលើកំពូលភ្នំព្រះធាតុ ទស្សនាពីលើភ្នំ ទៅតាមវាលស្រែជនបទ ខ្លះទៀតទៅមើលទីកន្លែងប្រវត្តិសាស្ត្រ និងទស្សនា ព្រះបដិមាករ បន្សល់ពីសម័យដើម ព្រោះភ្នំព្រះធាតុនេះគឺជាកន្លែងប្រវត្តិសាស្រ្ត ដែលបានបន្សល់ទុកស្លាកស្នាមដល់សព្វថ្ងៃ ។

នៅក្នុងបរិវេណវត្តភ្នំព្រះធាតុ គេសង្កេតឃើញមានក្រុមអ្នកដូរលុយរាយ អ្នកលក់ទៀនធូប លក់សត្វចាបរស់ សម្រាប់អ្នកទិញយកទៅលែង និងមានអ្នកលក់បាច់ផ្កាជាច្រើនហូរហែផងដែរ ។

ក្រៅពីនោះ នៅមានអ្នកលក់ចំណីអាហារ និងភេសជ្ជៈទៀតផង ដែលអាចបញ្ជាក់បានថាអ្នកនៅទីនេះ យល់ពីស្ថានភាព មានភ្ញៀវមកច្រើននៅថ្ងៃចុងសប្តាហ៍ ក៍បានឆ្លៀតប្រកបមុខរបរលក់ដូរដើម្បីចិញ្ចឹមជីវិត ។

សូមរំលឹកដែរថា វត្តភ្នំព្រះធាតុគឺជាវត្តមួយដែលពាក់ព័ន្ធនឹងប្រវត្តិសាសន៍ នៃពុទ្ឋសាសនា ដ៏យូរលង់ណាស់មកហើយ ដោយមានរឿងនិទានដំណាលថា៖ ទី
តាំងវត្តភ្នំព្រះធាតុនេះកើតតាំងពីសម័យបុរាណកាលមកម្លេះ ព្រោះនៅលើភ្នំនេះបានបន្សល់ទុកគ្រិះប្រាសាទបុរាណមួយចំនួនដែលអាចបញ្ជាក់ថាៈទីតាំងភ្នំនេះបានកើត មុនសម័យអង្គរ ៤-៥រយឆ្នាំ គឺតាំងពីសម័យគោកធ្លកមកម្លេះ ។

កាលសម័យនោះ គ្មានការគោរពព្រះពុទ្ឋសាសនាទេ ។ នៅពេលដែលព្រះបាទ (កោណ្ឌញ) កោដាញ់ និងព្រះនាង លីវ យី យាងមកគ្រប់គ្រងដែនដី ព្រះអង្គបានចាត់អោយនិមន្ត ភិក្ខុ២អង្គ គឺភិក្ខុ សោនរៈថេ និងភិក្ខុ ឧតរៈថេ ពីប្រទេសឥណ្ឌា ដើម្បីឱ្យមកផ្សព្វផ្សាយសាសនាព្រះពុទ្ឋ មុនគេបង្អស់នៅជ្រោយឥណ្ឌូចិន ។

កាលណោះភិក្ខុទាំង ២អង្គ បាននិមន្ត តាមសំពៅមកចាប់ទីស្នាក់នៅដើម្បីផ្សព្វផ្សាយធម៌ ព្រះពុទ្ឋមុនគេ គឺលើភ្នំព្រះធាតុនេះឯង ។ កាលពីជំនាន់នោះ ស្រុកយើងមានផ្ទៃទឹកធំល្វឹងល្វើយ មិន
សូវមានដីទេ ដោយហេតុនេះហើយទើបនៅលើភ្នំនេះ មានបន្សល់ទុកស្លាកស្នាម និងឈ្មោះខ្លះពាក់ពន្ឋ័និងប្រវត្តិសាស្ត្រ ដូចជា ឈ្មោះគោកសំពៅ ,ដានជើងតាព្រេង, ល្អាងអ៊ុកគូថ និងហាត់ចំបាប់ជាដើម ៕ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner