មនុស្សស្លាប់ម្នាក់ដោយសារគ្រោះរញ្ជួយផែនដីដ៏កក្រើកវាយប្រហារភាគខាងត្បូងប្រទេសម៉ិចស៊ីកូ

ម៉ិចស៊ីកូ៖ អាជ្ញាធរក្នុងតំបន់និយាយថា គ្រោះរញ្ជួយដីដ៏កក្រើកមួយបានវាយប្រហារភាគនិរតីប្រទេសម៉ិចស៊ីកូ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់ និងបណ្តាលអោយសំណង់អគារជាច្រើនរងការខូតខាត។

គ្រោះរញ្ជួយដីនេះមានកម្រិត៦.៩រ៉ិចទ័រ បានប្រហារប្រទេសម៉ិចស៊ីកូ ចំទីតាំងមួយជិតដែនសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស។ សម្រាប់ចំណុចនៃការញ័ររញ្ជួយនេះ គឺស្ថិតនៅចម្ងាយ១៤គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ទីក្រុងទេសចរណ៍មាត់សមុទ្រ អាខាផាល់កូ (Acapulco) ដែលស្ថិតនៅក្នុងរដ្ឋ ហ្គឺរ៉េរ៉ូ (Gherrero) ភាគខាងត្បូងប្រទេសម៉ិចស៊ីកូ។ លោក Hector Astudillo ដែលជាអភិបាលខេត្តបានប្រាប់ទូរទស្សន៍ក្នុងស្រុកថា បុរសម្នាក់ត្រូវបានស្លាប់ដោយសារបង្គោលភ្លើងធ្លាក់លើ។ មុននេះលោក និងអាជ្ញាធរផ្សេងទៀតបាននិយាយថា មិនមានរបាយការណ៍អំពីការខូចខាតធំៗពីការរញ្ជួយដី ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនៅក្នុងរដ្ឋមួយចំនួនទេ។ ជាមួយគ្នានេះ ប្រធានាធិបតីម៉ិចស៊ីកូលោក Andres Manuel Lopez Obrador បាននិយាយថា គ្រោះមហន្តរាយធម្មជាតិនេះ មិនបានបង្កការខូចខាតធំដុំនៅ នៅក្នុងរដ្ឋ ហ្គឺរ៉េរ៉ូ , តំបន់ជិតខាង Oaxaca , ទីក្រុងម៉ិកស៊ិក និងកន្លែងផ្សេងទៀតទេ។

សូមរំលឹកថា គ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរបំផុតមួយធ្លាប់បានវាយប្រហាររដ្ឋធានីប្រទេសម៉ិចស៊ីកូកាលពីឆ្នាំ១៩៨៥ បណ្តាលអោយមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner