អ្នកគាំទ្រលោក បុល សូណារ៉ូ ប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងតុលាការកំពូល
អ្នកគាំទ្រប្រធានាធិបតីប្រេស៊ីលលោក ជែ បុលសូណារ៉ូ (Jair Bolsonaro) រាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅក្នុងទីក្រុងធំៗ របស់ប្រទេសកាលពីថ្ងៃអង្គារនេះ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងតុលាការកំពូលតាមការកៀរគររបស់មេដឹកនាំប្រជានិយមមួយនេះ ក្នុងគោលបំណងបង្ហាញពីការគាំទ្រ។
ការប្រមូលផ្តុំគ្នាធ្វើឡើងក្នុងទីក្រុងនានារួមទាំងរដ្ឋធានីប្រាស៊ីលីយ៉ា និងមជ្ឈមណ្ឌលហិរញ្ញវត្ថុក្រុងសៅប៉ូឡូ ខណៈលោក បុលសូណារ៉ូ ចោទប្រកាន់ចៅក្រមតុលាការកំពូលមួយចំនួនថា ធ្វើសេចក្ដីសម្រេចប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកលើសពីអំណាចរបស់ខ្លួនដោយខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។
មេដឹកនាំរូបនេះ ក៏អះអាងថាប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិករបស់ប្រេស៊ីលងាយនឹងក្លែងបន្លំ ហើយគំរាមថានឹងលុបចោលការបោះឆ្នោតនៅឆ្នាំក្រោយ ប្រសិនបើប្រព័ន្ធមួយនេះមិនត្រូវបានធ្វើវិសោធនកម្មដើម្បីរួមបញ្ចូលការបោះឆ្នោតដោយប្រើសន្លឹកឆ្នោតវិញទេនោះ។
ភាពតានតឹងនៃបរិយាកាសនយោបាយបង្កឱ្យមានការភ័យខ្លាចថា ការប្រមូលផ្តុំគ្នាអាចនឹងក្លាយជាអំពើហឹង្សា ឬថាក្រុមបាតុករអាចសម្រុកចូលតុលាការកំពូល ដូចអ្វីដែលបានកើតឡើងនៅវិមានកាពីតូលអាមេរិកកាលពីដើមឆ្នាំពីសំណាក់អ្នកគាំទ្ររបស់លោក ដូណាល់ត្រាំ។
បាតុករម្នាក់ឈ្មោះ Edna Figueiredo ជាពលរដ្ឋរស់ក្នុងក្រុងប្រាស៊ីលីយ៉ានិយាយថា៖ «យើងមិនចង់បញ្ចប់ដូចជាវ៉េណេស៊ុយអេឡាទេ។ សេរីភាពរបស់យើងគឺស្ថិតក្នុងការគំរាមកំហែង។ តុលាការកំពូលមិនដំណើរការសម្រាប់ប្រជាជនទេ តែពួកគេបង្កើតច្បាប់ប្រឆាំងនឹងប្រជាជន»។
កាលពីថ្ងៃអាទិត្យ ប៉ូលីសសហព័ន្ធបានចាប់ខ្លួនអ្នកគាំទ្របុលសូណារ៉ូម្នាក់ ដែលគំរាមសម្លាប់ចៅក្រមតុលាការកំពូលលោក Alexandre de Moraes ដែលបញ្ជាឱ្យស៊ើបអង្កេតប្រធានាធិបតីជុំវិញការអះអាងរបស់លោកពីប្រព័ន្ធបោះឆ្នោត ដែលតុលាការចោទថាជាការចែករំលែកព័ត៌មានក្លែងក្លាយ។
ថ្វីបើមានហ្វូងមនុស្សប្រជុំគ្នាបង្ហាញការគាំទ្រលោកបុលសូណារ៉ូក្នុងថ្ងៃបុណ្យឯករាជ្យជាតិក្ដី ក៏ប្រជាប្រិយភាពរបស់មេដឹកនាំរូបនេះធ្លាក់ចុះយ៉ាងខ្លាំង ដោយព្រោះវោហាសាស្ត្រប្រឆាំងលទ្ធិប្រជាធិបតេយ្យរបស់លោក បំភ័យអ្នកគាំទ្រជាច្រើនដងជាពិសេសពួកពាណិជ្ជករ។
ការស្ទង់មតិមួយដោយវិទ្យាស្ថាន Atlas កាលពីថ្ងៃចន្ទបង្ហាញថា អត្រាបដិសេធលោកប៊ុលសូណារ៉ូឈរនៅកម្រិតខ្ពស់បំផុត ៦១ ភាគរយ ខណៈអត្រាគាំទ្រលោកមានត្រឹមតែ ២៤ ភាគរយប៉ុណ្ណោះ។ ការស្ទង់មតិដដែលក៏បង្ហាញផងដែរថា ប្រសិនបើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខនេះលោក ប៊ុលសូណារ៉ូ នឹងចាញ់គូប្រជែងនយោបាយសំខាន់របស់ខ្លួនគឺអតីតប្រធានាធិបតីលោក Luiz Inácio Lula da Silva ។





ប្រភព៖ FT