ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ អ្នកមានលទ្ធភាពពេញលេញក្នុងការប្រជុំពិភាក្សាការងារតូចធំ ហើយក៏អាចធ្វើឲ្យមនុស្សនៅក្បែរមានចិត្តអាណិតស្រលាញ់ណាស់ដែរ។ ដោយឡែក សូមព្យាយាមកុំធ្វើការដែលស្មុគ្រស្មាញ និងប្រថុយប្រថាន អ្វីៗសូមផ្អែកទៅលើពត៌មានលំអិតកដែលអ្នកទទួលបាន។ ក្រៅពីនេះ សូមកុំប្រយ័ត្នក្នុងការចាយវាយលុយកាក់ ហើយបើជៀសបានគឺសូមកុំពាក់ព័ទ្ធនឹងបំណុល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លាភាសំណាងកើតឡើងច្រើនក្នុងថ្ងៃនេះ ពិសេសទាក់ទងផ្នែកសម្ភារៈ។ លោកអ្នកកំពុងទទួលបានការកោតសរសើរពីសំណាក់មនុស្សរួមការងារជាមួយគ្នា ដូច្នេះរាល់ភារកិច្ចទាំងឡាយអាចអនុវត្តន៍បានដោយគ្មានផលជំទាស់នោះទេ។ ក្នុងនោះ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរការងារ បណ្តាក់ទុន ឬដឹកនាំក្រុមការងារនឹងទទួលផលកាន់តែល្អប្រសើរ។ ក្នុងនោះដែរ សូមរក្សាទឹកចិត្តឲ្យបានល្អ កុំយករឿងដែលកន្លងហួសមកធ្វើជាបញ្ហា អ្នកគួរបំភ្លេច ឬគ្រប់គ្រងហេតុការណ៍អាក្រក់ឲ្យបានឆ្ងាយពីការសម្រេចចិត្តរបស់អ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកគួរជៀសវាងស្ថានភាពមុខពីរ អ្នកគួរជ្រើសរើសការងារជាអាទិភាព កុំធ្វើការច្រើនក្នុងពេលតែមួយ និងត្រូវឈរលើគោលការណ៍របស់ខ្លួន។ អ្នកអាចនឹងខ្វះខាតពេលវេលាក្នុងការអនុវត្តន៍កិច្ចការបន្តិច ដូច្នេះសូមកុំចំណាយពេលវេលាផ្តេសផ្តាស ពិសេសកុំឈប់សម្រាកយូរពេក។ ក្តៅពីនេះ អ្នកប្រហែលជាកំពុងនៅឆ្ងាយពីការទំនាក់ទំនង ដូច្នេះសូមបង្កើនទំនាក់ទំនងនានាឡើងវិញ។ ក្នុងនោះដែរ សូមយកចិត្តទុកដាក់ក្នុងការរក្សាសុភមង្គលផ្ទាល់ខ្លួន និងលំនឹងការងារ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីវកម្ម និងកិច្ចការផ្សេងៗរបស់អ្នកមានដំណើរការល្អប្រសើរណាស់ ហើយក៏កំពុងស្ថិតនៅលើគន្លងផ្លូវជោគជ័យធំដុំទៀតផង។ អ្នកមានលទ្ធភាពក្នុងការជួបជុំពិភាក្សា ចរចា និងដោះស្រាយបញ្ហាបានល្អ ហើយដោយសន្តិភាពផង។ ដោយសារអំណោយផលនៃពាក្យសំដីដែលមានឥទ្ធិពលធ្វើឲ្យអ្នកទទួលបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីមជ្ឈដ្ឋានជុំវិញខ្លួន។ ក្នុងនោះ សូមកុំទាន់បន្ថយល្បឿន ប៉ុន្តែខិតខំប្រឹងប្រែងសម្រាប់ភាពរីកចម្រើនកាន់តែប្រសើរ។ ប្រការដែលអ្នកគួរប្រយ័ត្ន គឺពាក្យសំដីរិះគន់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះអាជីពនានា ពិសេសសម្រាប់លោកអ្នកជាអាជីវករ លក់ចេញទិញចូលចលន និងអចលទ្រព្យអាចទទួលបានផលចំណេញច្រើន។ ហើយប្រសិនបើអ្នកចាកចេញទៅប្រឈមនឹងមជ្ឈខាងក្រៅទៀតនោះ ឳកាសគឺមានកាន់តែច្រើន។ ចំពោះការផ្លាស់ប្តូរស្ថានភាពការងារទាំងឡាយគឺអាចទៅរួច និងគ្មានផលរំខាននោះទេ។ ក្រៅពីនេះ សូមមានភាពរស់រាយរាក់ទាក់ និងគោរពសមត្ថភាពរបស់មនុស្សដទែ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពទទួលបានភាពជោគជ័យ ពីព្រោះរាសីថ្ងៃនេះផ្តល់ជូនលោកអ្នកនូវគំនិតប្រាជ្ញា និងអារម្មណ៍វិជ្ជមាន។ លោកអ្នកអាចធ្វើការចរចា ឬធ្វើទំនាក់ទំនងបានល្អជាមួយមនុស្សនៅជុំវិញខ្លួន រួមទំាងដៃគូរួមការងារផង។ ថ្ងៃនេះចូរសំឡឹងមើលឳកាសនានាដែលមកពីទិសបូព៌ ពីព្រោះឳកាសល្អទាំងនោះមានស្ថេរភាពណាសើ។ ដោយឡែក បញ្ហាជម្លោះ ឬការមិនយល់ចិត្តខ្លះអាចកើតឡើងរវាងមនុស្សក្នុងរង្វងការងារ ដូច្នេះសូមរក្សាភាពស្ងប់ស្ងៀម អនុគ្រោះ ឬកុំយកចិត្តទុកដាក់ច្រើនពេក។ ផ្ទុយទៅវិញ សូមអ្នកមានហេតុផលជានិច្ច។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពនានាទទួលបានការគាំទ្រ និងលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន។ ថ្ងៃនេះក៏ជាពេលវេលាល្អបំផុតក្នុងការធ្វើទំនាក់ទំនង ដូច្នេះសូមជ្រើសរើសការងារទាំងឡាយ ឬគម្រោងដែលអ្នកបានគ្រោងទុកយកមកបង្ហាញ ឬអនុវត្តន៍។ក្នុងនោះរាល់ការងារដែលទាក់ទងនឹងគំនិតច្នៃប្រឌិត ឬការងារសិល្បៈគឺស្ថិតនៅលើគន្លងផ្លូវដែលកាន់តែប្រសើរ។ ស្របពេលនេះដែរ សូមគិតគូររៀបចំគម្រោងផែនការបន្ថែមសម្រាប់ក្នុងរយៈពេលយូរ ពីព្រោះអ្នកមិនទាន់អាចធានាបាននូវស្ថានភាពទ្វេរមុខបានទាំងស្រុងទេ។ សូមព្យាយាមបោះជំហានដោយភាពស្ងៀមស្ងាត់ សំឡឹងមើលហេតុការណ៍នៅជុំវិញខ្លួន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ដំណើរការងារ និងរបររកស៊ីជួញដូរមិនមានស្ថានភាពធម្មតា។ អ្នកអាចផ្លាស់ប្តូរទីកន្លែងការងារ ឬការសហការជាការងារបានល្អជាមួយមនុស្សរួមក្រុម ហើយផលរំខានខ្លះដែលនឹងកើតឡើងមិនអាចមករឹងស្ទះផលសម្រេចរបស់អ្នកបានទេ។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង ការស្តាប់យោបល់អ្នកដទៃគឺមានភាពចាំបាច់ តែក៏កុំផ្អែកការសម្រេចចិត្តនឹងអ្នកដទៃ។ ដោយឡែក សូមប្រុងប្រយ័ត្នការធ្វើដំណើរផ្លូវឆ្ងាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពហ្នឹងហ្ន ដូច្នេះអ្នកនឹងមិនជួបកង្វល់អ្វីធំដុំនោះទេ។ ក្នុងពេលនេះគួរផ្តោតការយកចិត្តទុកដាក់នឹងការងារដែលមានក្នុងដៃ ព្យាយាមបង្ហើយការងារដែលនៅសេសសល់ទាំងឡាយ កុំទុកវាជាមន្ទិលដល់ថ្ងៃស្អែក។ ក្នុងនោះយកល្អ គួរធ្វើការសម្រាក ឬចែករំលែកការងារខ្លះទៅមិត្តរួមក្រុមរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ហត់នឿយ។ កុំចូលខ្លួនទៅពាក់ព័ទ្ធនឹងបញ្ហារបស់អ្នកដទៃ រួមទាំងករណីដែលយល់ថាជាការគួរក៏ដោយ។ អ្វីទាំងអស់ត្រូវស្ថិតក្នុងស្ថានភាពដែលអាចគ្របគ្រងបាន។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការងារដំណើរការទៅដោយរលូន។ អ្នក អាចអនុវត្តន៍ផែនការទាំងអស់ដោយទំនុកចិត្តខ្ពស់។ ថ្ងៃនេះជាពេលវេលាអំណោយផល ដូច្នេះសូមកុំមានការភ័យខ្លាចក្នុងការដាក់ចេញគម្រោងផែនការ ឬបំពេញក្តីស្រមៃរបស់ខ្លួន។ ប្រការដែលគួរយកចិត្តទុកដាក់បន្ថែម គឺការគ្រប់គ្រងពត៌មាន និងឯកសារពាក់ព័ន្ធទាំងអស់ ពីព្រោះការខ្វះខាតពត៌មានបណ្តាលឲ្យបាត់បង់ទំនុកចិត្ត។ ក្នុងនោះដែរ សូមប្រយ័ត្នអារម្មណ៍របស់ខ្លួនឯង ធ្វើយ៉ាងណាកុំឲ្យភាពឆេវឆាវរបស់អ្នកជះឥទ្ធិពលដល់ការងារ។ ដោយឡែក សូមប្រយ័ត្នសម្ពាធផ្លូវចិត្ត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលយ៉ាងខ្លាំងចំពោះលោកអ្នកដែលប្រកបអាជីវកម្ម។ លោកអ្នកនឹងទទួលបានអតិថិជនល្អ ហើយការជឿទុកចិត្តនេះជួយឲ្យអ្នកអាចបោះជំហានដោយការជឿទុកចិត្ត និងគ្មានផលរំខាន។ រាល់ការផ្លាស់ប្តូរស្ថានភាពការងារ ការបោះទុន ការបង្កើតមុខរបរថ្មីសុទ្ធតែអាចទៅរួចទាំងអស់។ ចំពោះការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនគឺកាន់តែល្អប្រសើរ។ បញ្ហាតែមួយរបស់អ្នកក្នុងពេលនេះគឺការធ្វើបាបខ្លួនឯង ដោយការភ្ជាប់ដំណើរជីវិតនឹងផលអវិជ្ជមានពីអតីត។ ប្រសិនបើអ្នកអាចបោះបង់ ឬគ្រប់គ្រងអារម្មណ៍នេះបាន នោះពេលវេលាថ្ងៃនេះពោរពេញដោយភោគផល។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកទាមទារឲ្យមានការវាយតម្លៃដោយភាពវាងវៃ និងរហ័សរហួន។ ជាទូទៅអ្នកអាចធ្វើកិច្ចការដែលខ្លួនប៉ងប្រាថ្នាបាន ប៉ុន្តែស្ថានភាពនៅជុំវិញអ្នកក៏មានការរង្គោះរង្គើច្រើនផងដែរ ដូច្នេះវាទាមទារការខិតខំប្រឹងប្រែង តស៊ូ និងចំណាយកំលាំងច្រើនជាងធម្មតា។ ក្នុងនោះ លោកអ្នកមិនគួរស្តាប់មតិផ្សេងៗច្រើនពេកនោះទេ ប្រយ័ត្នត្រូវខកបំណងព្រោះការជឿជាក់។ ក្នុងនោះដែរ គំនិតយោបល់ខ្លះ ត្រូវរងចាំឳកាសក្នុងការនិយាយ ឬបកស្រាយ ពីព្រោះស្ថានភាពក្នុងថ្ងៃនេះអាចមានស្ថានភាពមិនច្បាស់លាស់ បំណងល្អ ក៏អាចក្លាយជាបញ្ហាបាន។
ចំណាំៈ
ឆ្នាំទាំង៤ ឆ្លូវ ថោះ រោង មមី រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់ការងារទាំងឡាយដោយភាពជោគជ័យ និងរឹងមាំ។ ចំណែកលុយកាក់ ឳកាស ព្រមទាំងសេចក្តីសុខកើតឡើងស្របគ្នា។
ឆ្នាំទាំង៨ ជូត ខាល ម្សាញ់ មមែ វក រកា ចរ កុរ រាសីល្អមធ្យម។