សាលារៀននៅរាជធានីចាប់ផ្តើមថ្ងៃ១៥កញ្ញា (Video Inside)
រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅទន្ទឹមនឹងយុទ្ធនាការចាក់វ៉ាក់សាំងលើ កុមារវ័យជំទង់ជិត២លាននាក់ទូទាំងប្រទេស បានជិត៩០ភាគរយហើយ។ គិតត្រឹមថ្ងៃ១០កញ្ញា តួលេខចាក់លើ កុមារវ័យជំទង់ បានជាង ១លាន៧សែននាក់ហើយ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានប្រាប់ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន, លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា-អាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំង អស់ ស្តីពីការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែល មាន ហានិភ័យទាប។
រដ្ឋបាលរាជធានីបានដាស់តឿនថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ទាំងឡាយ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ, ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ក្នុងបរិបទនៃជំងឺកូវីដ-១៩ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។