ខ្សែបំរើប្រយុទ្ធសញ្ជាតិជប៉ុន REIYA KINOSHITA បានតាំងចិត្តខ្ពស់ថា នឹងទទួលបាន៣ពិន្ទុ សម្រាប់ជំនួបជាមួយណាហ្គាវើលដ៏

ខ្សែបំរើប្រយុទ្ធសញ្ជាតិជប៉ុន REIYA KINOSHITA បានតាំងចិត្តខ្ពស់ថា ក្រុមគីរីវង់សុខសែនជ័យ នឹងទទួលបាន ៣ពិន្ទុ សម្រាប់ជំនួបជាមួយណាហ្គាវើលដ៏ ប្រចាំសប្តាហ៍ទី១៣ ការប្រកួតបាល់ទាត់មិត្តហ្វូន ខាមបូឌានលីគ ឆ្នាំ២០២១ ។


REIYA KINOSHITA ដែលលេងបានច្រើនទម្រង់ ប្រយុទ្ធក៏បានខ្សែបំរើប្រយុទ្ធក៏បាន បានលើកឡើងថា «ការប្រកួតថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើងអាចធានាបានកៅអីក្នុងចំណោម Top8 នៅជើងទី២ ដើម្បីប្រជែងតំណែងជើងឯក ប្រចាំឆ្នាំ២០២១ ។ កីឡាករទាំងអស់ពិតជាបានយល់ច្បាស់អំពីរឿងនេះ ដូច្នេះពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់ជ័យជំនះ ក្នុងការប្រកួតថ្ងៃនេះ ។ ទោះវាមានភ្លៀងធ្លាក់ច្រើន នៅសប្តាហ៍នេះ ដែលធ្វើឲ្យខ្ញុំមានការព្រួយបារម្ភខ្លះៗ ប៉ុន្តែវាមិនបានជះឥទ្ធិពលដល់ការតាំងចិត្តរបស់ពួកយើងឡើយ ហើយខ្ញុំតែងតែចិញ្ចឹមចិត្ត ក្នុងការស្វែងរកគ្រាប់បាល់ សម្រាប់ក្រុម ។ »


ដោយឡែកលោក ឯម តារា អគ្គលេខាធិការរងក្លឹបបាល់ទាត់គីរីវង់សុខសែនជ័យ បានមានប្រសាសន៍ថា ជំនួបជាមួយក្លឹបណាហ្គាវើលដ៏ គឺជាការប្រកួតដ៏សំខាន់ត្រូវការឈ្នះជាចាំបាច់ ដើម្បីធានាកៅអី Top 8 ដោយសុវត្តិភាព ១០០% អាចបន្តប្រជែងជាមួយក្រុមខ្លាំងៗ នៅជើងទី២បន្តទៀត ។ អគ្គលេខាធិការរងក្លឹប បានបង្ហាញការជឿជាក់លើកូនក្រុមរបស់ខ្លួនថានឹងធ្វើបានល្អដោយសារពួកគេបង្កើនការហ្វឹកហាត់ តាមរយៈការប្រកួតជាមួយក្រុមកំពូលតារាងវិសាខា ទោះមិនទទួលបានជ័យជំនះ ប៉ុន្តែក្រុមទាំងមូលបានសហការគ្នាបានល្អបង្ហាញពីឆន្ទៈខិតខំ ដូច្នេះសម្រាប់ជំនួបជាមួយណាហ្គាវើលដ៏យើងនឹងទទួលបានជ័យជំនះ ។


សម្រាប់ប្រវត្តិជួបគ្នា៣ប្រកួតចុងក្រោយ ណាហ្គាវើលដ៏ ១-០ គីរីវង់សុខសែនជ័យ , ណាហ្គា វើលដ៏ ០-២ គីរីវង់សុខសែនជ័យ និងក្រុមគីរីវង់សុខសែនជ័យ ១-១ ណាហ្គាវើលដ៏ ។ រីឯនៅតារាងពិន្ទុសរុបវិញ ក្រុមគីរីវង់សែនជ័យ មាន១២ពិន្ទុ ឆ្លងកាត់១០ប្រកួត ឈ្នះ៤ ចាញ់៦ ខណៈណាហ្គាវើលដ៏ ឆ្លងកាត់១០ប្រកួតដូចគ្នា ឈ្នះ៥ ស្មើ៤ ចាញ់១ មាន១៩ពិន្ទុ ឈរលេខរៀងទី៦ ។


សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តហ្វូន ខាមបូឌានលីគ ឆ្នាំ២០២១ ជើងទី១ នឹងបិទបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ហើយជើងទី២នឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner