រដ្ឋបាលខេត្តបាត់ដំបង គ្រោងបើកសាលាចូលរៀនវិញ “ក្នុងកម្រិតសាកល្បង” ចំពោះសិស្សរៀនថ្នាក់ទី៦ ទី៩ និងថ្នាក់ទី១២ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឆាប់ៗនេះ

                 ក្រោយពីមានកិច្ចប្រជុំជាមួយនិងគណៈអភិបាលខេត្តបាត់ដំបងដឹកនាំដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាមួយនិងរដ្ឋបាលក្រុង- ស្រុកទាំង១៤ក្នុងខេត្តនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធដូចជាមន្ទីរអប់យុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នៅល្ងាចថ្ងៃទី០៨ខែកញ្ញានេះ។ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជននិង កីឡាខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា៖ ឯកឧត្តម ងួន រតនៈ បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងកិច្ចប្រជុំ និងក្រោយពីអាជ្ញាធរនៃរដ្ឋបាលស្រុក-ក្រុងទាំង១៤ក្នុងខេត្ត បានធ្វើរបាយការណ៍លម្អិត តាមរយៈនៃគំរូតារាងមន្ទីរជំនាញ ដោយក្មុងនោះ ឯកឧត្តមអភិបាលខេត្តបានផ្តល់ការណែនាំដល់មន្ទីរជំនាញនិងមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធរផ្ទាល់ ដោយកំណត់ធ្វើការបើកសាលាឲ្យសិស្សចូលរៀនឡើងវិញ ក្នុងកម្រិតសាកល្បង ជាបណ្តោះអាសន្ន ជាមុនសិន នៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១នេះ។

      លោកប្រធានមន្ទីរអប់រំខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា៖ ការបើកសាលាឡើងវិញជាជំហ៊ានសាកល្បង ឲ្យចូលរៀនវិញនេះ គឺចំពោះសិស្សថ្នាក់ទី៦ ថ្នាក់ទី៩ និងថ្នាក់ទី១២ ។ព្រោះសិស្សរៀនថ្នាក់ទាំងនេះ គឺជាសិស្សត្រៀមប្រឡង។ ការបើកឲ្យដំណើរការចូលរៀននេះ ក៏ដោយសារតែសិស្សទាំងនេះបានចាក់វ៉ាក់សាំងការពារកូវីដ-19រួចអស់ហើយផងដែរ។ ហើយការចូលរៀនរបស់សិស្សទាំងនោះ គឺត្រូវមានវិធានការសុខាភិបាលដោយម៉ឺងម៉ាត់ ក្នុងការកំណត់ឲ្យសិស្ស និងគ្រូ ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា និងមានក្រុមគ្រូពេទ្យត្រួតពិនិត្យប្រចាំការតាមសាលានីមួយៗ ដើម្បីចុះពង្រឹងការអនុវត្ត តាមការណែនាំ នូវវិធានសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល និង ពីក្រសួងអប់រំយុវជន និងកីឡា។

       ការបើកសាលារៀនជាជំហានដំបូងនេះគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១តទៅ។ហើយការសម្រេចរបស់អាជ្ញាធរខេត្តនេះ គឺបានធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យគ្រប់ខេត្តទាំងអស់ពិនិត្យមើលពីលទ្ធភាព បើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលមិនមានហានិភ័យ។ហើយបឋមនេះ គឺបើកសម្រាប់សិស្សថ្នាក់ទី៦ ទី៩ និងទី១២សិនតែប៉ុណ្ណោះ ព្រោះពួកគេជាថ្នាក់ដែលត្រូវការប្រឡងឡើងថ្នាក់ និងបញ្ចប់ថ្នាក់។

         លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងបញ្ជាក់ដែរថា ការសម្រេចបើកសាលាឲ្យសិស្សថ្នាក់ទី៦ ទី៩ និងទី១២ ចូលរៀនសាកល្បងជាជំហានដំបូងនេះគឺដោយសារតែពួកគេភាគច្រើនទទួលបាន នូវ ការចាក់វ៉ាក់សាំងដូសទី១រួចរាល់ ហើយអ្នកខ្លះក៏បានចាក់ដូសទី២រួចថែមទៀតផង ជាពិសេសសិស្សថ្នាក់ទី៩និងទី១២ ត្រូវប្រឡង ដូច្នេះពួកគេត្រូវបានផ្ដល់អាទិភាព។

        លោក យី សុងគី បានថ្លែងបន្ថែមថា៖ ចំពោះបើកដំណើរការសាលារៀនឡើងវិញនេះ គឺធ្វើឡើងដោយគ្របដណ្ដប់គ្រប់ក្រុង ស្រុកទាំងអស់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ហើយប្រសិនបើដំណើរការប្រព្រឹត្តទៅដោយរលូន នឹងបើកសាលារៀនបន្ថែមជាបន្តបន្ទាប់ទៀតផងដែរ។

      យោងតាមរបាយការណ៍នៃរដ្ឋបាលក្រុង-ស្រុកទាំង១៤បានបង្ហាញឲ្យដឹងថា៖ សាលាដែលអាចបើកបានសរុបចំនួន៨៥៨សាលា។ក្នុងនោះកម្រិតវិទ្យាល័យ ចំនួន២២សាលា, អនុវិទ្យាល័យ ចំនួន៨៣សាលា,បឋមសិក្សាចំនួន៥១៧សាលា, មត្តេយ្យសាលា ចំនួន៩, និងសាលាឯកជន ចំនួន២៧សាលា៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner