រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ក្រុងសៀមរាបរយៈពេលមួយសប្តាហ៍ កំណត់ជាតំបន់ ពណ៌លឿងទុំ
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ក្រុងសៀមរាបជាបណ្តោះ អាសន្នរយៈពេលមួយសប្តាហ៍ ខណៈរកឃើញថា មានការឆ្លងរាលដាល មេរោគកូវីដ១៩ កើនឡើងគួរឲ្យ ព្រួយបារម្ភ ។
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ក្រុងសៀមរាប ចំនួនមួយសប្ដាហ៍ ក្នុងបំណងដើម្បីកាត់ផ្ដាច់ខ្សែចម្លង ជម្ងឺកូវីដ -១៩ ក្នុងសហគមន៍ ខណៈដែលបច្ចុប្បន្នតួលេខអ្នកឆ្លងក្នុងក្រុងហាក់មានសន្ទុះកើនឡើង ។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ប្រសិនបើការបិទបណ្ដោះអាសន្នរយៈពេលមួយសប្តាហ៍នេះ មានភាពធូរស្រាល និង អាចរកឃើញ អ្នកវិជ្ជមានកូវីដ-១៩បានទាន់ពេលវេលានោះ អ្វីៗនឹងមានភាពល្អប្រសើរឡើងវិញ ។
វិធានការនេះធ្វើឡើងក៏ដោយ ការសង្កេតឃើញថា ក្រុងសៀមរាប ពិសេសបណ្ដាស្រុកនៅជុំវិញ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ បានកំពុងមានករណីផ្ទុះការឆ្លងជម្ងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ។ ពិសេសនោះគឺប្រជាពលរដ្ឋ និងអាជីវករមួយចំនួន នៅមិនទាន់បានចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត គឺនៅតែមានការជួបជុំ និង លក់គ្រឿងស្រវឹងជាដដែល ។ ក្នុងនោះដែរអាជ្ញាធរនឹងចុះទៅតាមទីប្រជុំជន តាមទីផ្សារ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ហើយនឹងឈានដល់ការផាកពិន័យ ចំពោះបុគ្គលដែលមិនបានគោរពទៅតាម សារាចរណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសូងសុខាភិបាល ក៏ដូចសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ។
ការបិទខ្ទប់ជាបណ្តោះអាសន្នក្រុងសៀមរាបរយៈពេលមួយសប្តាហ៍នេះ រដ្ឋបាលខេត្តសៀមរាប បានកំណត់ក្រុងសៀមរាប ជាតំបន់ពណ៌លឿងទុំ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមការងារប្រយុទ្ធប្រឆាំង ទប់ស្កាត់ជម្ងឺកូវិដ១៩ បានរកឃើញអ្នកឆ្លងជម្ងឺកូវិដ១៩ ថាមិនមានការថយចុះនោះឡើយ ដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះមុខ ។
តាមការបញ្ជាក់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងការបិទខ្ទប់ជាបណ្តោះអាសន្នក្នុងរយៈមួយសប្តាហ៍នេះ ដើមី្បទប់ស្កាត់ កាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ១៩ ដោយបានកំណត់គោលដៅចំនួន ២៧ កន្លែងក្នុងក្រុង ដើមី្បធ្វើការត្រួតពិនិត្យ និង បិទខ្ទប់មិនឲ្យចេញចូល ព្រមទាំងបម្រាមគោចរនាពេលរាត្រីទៀតផង ៕






