ជនសង្ស័យ ករណីលួចម៉ូតូ ម្នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃនេះ
បន្ទាយមានជ័យ ៖ បើយោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បារៀបរាប់ប្រាប់សមត្ថកិច្ចថា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូ ០១គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1P-2501 ចេញពីផ្ទះរបស់ខ្លួនទៅទិញឥវ៉ាន់ ពេលទៅដល់មុខហាងលក់ទំនិញមួយកន្លែងម្ដុំវត្តថ្មី ខ្លួនគេបានឈប់ហើយចតម៉ូតូនៅមុខហាងនោះ ហើយមិនបានដកកូនសោរចេញពីម៉ូតូនោះទេ ។ បន្ទាប់មកខ្លួនគេក៏ដើរចូលទៅក្នុងហាងដើម្បីរកទិញទំនិញ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់បានឡើងជិះលើម៉ូតូរបស់ខ្លួន ហើយបញ្ឆេះបម្រុងជិះចេញទៅ តែរូបខ្លួនបានរត់ចេញមកទាន់ ហើយបានឃាត់បុរសម្នាក់នោះ រួចរាយការណ៍ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានចាត់តាំងកម្លាំងឱ្យចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនបុរសនោះមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហេង ថា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាមានចេតនាលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅលក់យកលុយពិតប្រាកដមែន ។តែខ្លួនគ្រាន់តែឡើងជិះម៉ូតូហើយបញ្ឆេះស្រាប់តែម្ចាស់ម៉ូតូមកទាន់ ហើយទូរស័ព្ទហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង ។
ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានសាក្សីនៅកន្លែងកើតហេតុជាច្រើនផងនោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនពេលកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ៕ ដោយ ៖ ឃិន គន្ធា


