សម្តេចតេជោ ប្រកាសថា ចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ ៣លានដូសថែមទៀត ដល់កម្ពុជា ដើម្បីចាក់ដូសទី៣ ជូនពលរដ្ឋដោយឥតគិតថ្លៃ

ភ្នំពេញ៖ នៅក្រោយពេលដែលពិធីចុះហត្ថលេខាលើឯកសារចំនួន៦ នៅវិមានសន្តិភាព នាព្រលប់ថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១ រួចរាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រដ្ឋាភិបាល ចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងប្រមាណ៣លានដូសថែមទៀត ដល់ប្រទេសកម្ពុជា ដើម្បីទុក សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣នេះ បានមកដល់ចំនួន ២លានដូសហើយ ហើយនឹងមកដល់ ៣លានដូសទៀត ដែលមានចំនួនសរុប ៥ លានដូស ហើយបូកថែមនឹងជំនួយរបស់មិត្តចិនថ្មីនេះចំនួន៣លានដូសទៀត និងការចាក់កន្លងមក ជិត ១លានដូស យើងនឹងមាន៩លានដូស។ បើយើងត្រូវការចាក់១២លានដូសទៀត យើងត្រូវការតែ ៣លានដូសទៀតប៉ុណ្ណោះ ។

ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ចិន បានក្លាយជា ប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជា ទទួល បានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជន ចិន ចំនួន ២៦.៨ លានដូសហើយ ។ នេះជាការបញ្ជាក់របស់ ឯ,ឧ ប្រាក់ សុខុន។

វត្តមានជំនួយនានា ទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្ភារៈបរិក្ខា និងថវិការបស់ចិន ដល់រដ្ឋាភិបាល កម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោម ជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់ វ៉ាក់សាំងបង្ការការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំង ប្រទេស សរុបចំនួន ១១,៤៤៦,៤២០នាក់ ខណៈការចាក់ដូសទី៣ មានចំនួនជាង ៧៦ម៉ឺននាក់ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner