ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានដាក់យុទ្ធសាស្រ្ត៥ធំៗ គឺអភិរក្ស និងអភិវឌ្ឍធនធានមនុស្ស ធ្វើប្រជាប្រិយភាវូបនីយកម្ម, អភិបាលកិច្ចល្អ, ជំរុញល្បឿនអភិវឌ្ឍន៍ បង្កើតមូលនិធិការ៉ាតេ ក្នុងអាណត្តិថ្មីរបស់ខ្លួន
សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី៨ បន្តអាណត្តិទី៩ នៅព្រឹក ថ្ងៃអង្គារទី២៨ ខែមករា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយ ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន បន្តជាប្រធានបសហព័ន្ធកីឡាការ៉ាតេ ឯ ឧ លឹម គានហោ អនុប្រធាន ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា និងឯ ឧ កែវ បេងវឌ្ឍន ជាអគ្គហរិញ្ញិក ។
ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធការ៉ាតេកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំ ពីឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន សហព័ន្ធក៏បានព្យាយាមបង្កើនសកម្មភាពយ៉ាងច្រើនទាំងក្នុង និងលើឆាកអន្តរជាតិ ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនមិនទាន់បានដោះស្រាយ ដោយក្លឹបខ្លះ មិនចូលរួមជាសមាជិកសហព័ន្ធនៅឡើយទេ ។ ចំណែក គ្រូបង្វឹកជំនាញនៅមានកម្រិត ខណៈថវិកា និងសម្ភារៈតាមស្ដង់ដារក៏នៅខ្វះខាត ព្រមទាំងធនធានមនុស្សទៀតផង ។
ឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអបអរសាទរ និងគាំទ្រ ហើយក៏អរគុណដែលបានជំរុញការងារដឹកនាំ ឲ្យមានការរីកចម្រើននៅអាណត្តិចាស់ ក្រោមការដឹកនាំ ដោយ ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន ។ ប្រមុខ NOCC បានស្នើធ្វើយ៉ាងណាត្រូវអភិវឌ្ឍ កីឡាការិនីទាំងបរិមាណ និងគុណភាព ជាពិសេសប្រភេទវិញ្ញាសាទម្ងន់ធ្ងន់គ្រប់ វិញ្ញាសាប្រយុទ្ធ សម្រាប់នារី ។ ឯ ឧ ថោង ខុន បានបង្ហាញជំនឿចិត្តថា ក្នុងអាណត្តិថ្មីដែលជាឆ្នាំដ៏សំខាន់ សហព័ន្ធកីឡាការ៉ាតេ និងទទួលបានជោគជ័យ ជាពិសេស នៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។
ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន សង្កត់ធ្ងន់ថា សហព័ន្ធបានកែទម្រង់ផ្ទៃក្នុង និងបច្ចេកទេសឲ្យរលូន មាន ប្រសិទ្ធភាព ហើយក៏អរគុណដល់សមាជិកទាំងអស់ដែលខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មឲ្យ ទទួលបានលទ្ធផលល្អ ។ ការបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធក៏ជាភារកិច្ចត្រូវគិតគូរ ដោយត្រូវរកគ្រូ បច្ចេក ទេសដើម្បីអាចជួយបណ្ដុះសមត្ថភាពកីឡាករ កីឡាការិនី ។ សម្រាប់ស្នាដៃគួរកត់សម្គាល់ផ្សេងៗ សហព័ន្ធបានសាងសង់មជ្ឈមណ្ឌលជាតិការ៉ាតេ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំជម្រើសជាតិមានកីឡាករ កីឡាការិនីល្អៗ មានគ្រូបង្វឹកបរទេសធ្វើឲ្យគុណភាពប្រយុទ្ធ រីក ចម្រើនគួរកត់សម្គាល់ ។ ពង្រឹងយន្ដការគ្រប់គ្រង និងដឹកនាំ មានលក្ខន្តិកៈ ផែនការយុទ្ធសាស្ត្រ អាចទទួលយកបាន ។ ស្វែងរកជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដោយមានការប្រកួត ការផ្លាស់ប្ដូរ ហ្វឹក ហាត់ជាមួយជប៉ុនជាដើម ។ ទាក់ទងនឹងហិរញ្ញវត្ថុ គឺក្រសួងហិរញ្ញវត្ថុបានផ្ដល់ការឧបត្ថម្ភ ដើម្បីលើកកម្ពស់ និងគាំទ្រដល់សហព័ន្ធជាបន្តបន្ទាប់ ។ ឯ ឧ ប្រធាន បន្ថែមថា ទោះបីបានប្រឹងប្រែងសម្រេច បានលទ្ធផលជាទីមោទក ក៏នៅមានការងារ មួយចំនួនទៀតតាមផែនការយុទ្ធសាស្ត្រ នៅមិនទាន់សម្រេចពេញលេញតាមការចង់បាន ដូច្នេះត្រូវខំ ប្រឹងឲ្យខ្លាំងថែមទៀត ។ ដូច្នេះដើម្បីពង្រឹងការងារ នៅអាណត្តិថ្មី ក្នុងនាមជាប្រធានសហព័ន្ធ ឯ ឧ បានបង្ហាញពីគម្រោងបង្កើតគណៈកម្មការចំនួន៥ មានទីផ្សារ និងចលនាឧបត្ថម្ភ, បច្ចេកទេស រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ,វិន័យ និងដោះស្រាយវិវាទ, គណៈកម្មការអាជ្ញាកណ្ដាចៅក្រម និងបច្ចេកទេស, ការរៀបចំតែងតាំង ព្រឹទ្ធាចារ្យជាទីប្រឹក្សាជាន់ខ្ពស់ ។
គួរបញ្ជាក់ថា ក្នុងអាណត្តិថ្មី ២០២០-២០២៤ ឯ ឧ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេ ក៏បានដាក់យុទ្ធសាស្រ្ត៥ធំៗ គឺអភិរក្ស និងអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើសុខដុមរូបនីយកម្ម ។ ធ្វើប្រជាប្រិយភាវូបនីយកម្ម, អភិបាលកិច្ចល្អ, ជំរុញល្បឿនអភិវឌ្ឍន៍ បង្កើតមូលនិធិការ៉ាតេ ៕