សម្ដេចតេជោ ឆ្លើយតបទៅអ្នកដែលបានចូលសួរសម្ដេចក្នុងផេកថា រក្សាលិខិតចាក់វ៉ាក់សាំង ឲ្យល្អ ទោះគ្មានកាត ក៏អាចចាក់វ៉ាក់សាំងលើកទី៣ បានដែរ ហើយកាត នឹងផ្តល់តាមក្រោយ
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបភាពពីការចាក់វ៉ាសាំងដូសទី៣ ឬដូសជំរុញរបស់ សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅលើទំព័ហ្វេសប៊ុកផ្ទាល់របស់សម្ដេច នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ រួចមក ក៏មានគណនីហ្វេសប៊ុកផ្សេងៗ បានចូលទៅសួរសម្ដេចជាបន្តបន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ។
សម្ដេច តេជោ ហ៊ុន សែន ក៏បានឆ្លើយតបយ៉ាងច្បាស់ប្រកបដោយន័យគ្រប់គ្រាន់ ក្រោយគណនីហ្វេសប៊ុកមួយ បាន ចូលទៅសួរសម្ដេចក្នុងផេកថា៖ សម្តេច ខ្ញុំមានចង្ងល់មួយ ប្រពន្ធរបស់ខ្ញុំចាក់ដូសទី២រួចហើយ ប៉ុន្តែមិនទាន់បានកាតទេ តើមាន សិទ្ធចាក់ដូសទី៣ បានទេ? សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឆ្លើយតបវិញថា៖ កាតនឹងផ្តល់ជូនតាមក្រោយ ។ បញ្ហា សំខាន់របស់យើង គឺចាក់វ៉ាក់សាំងឱ្យបានមុន ដើម្បីការពារការឆ្លងជម្ងឺ ។ ក្រសួងការពារជាតិ កំពុងផលិតលិខិត សំគាល់ការចាក់វ៉ាក់សាំងជូន។ សុំរក្សាលិខិតនេះទុក ដើម្បីប្តូយកលិខិតសំគាល់ការចាក់វ៉ាក់សាំង។
បន្ទាប់មកទៀត មានហ្វេសប៊ុកមួយទៀតបានចូលខំមិនថា «សូមសម្ដេចពុកមេត្តា ជួយឲ្យខាងអ្នករត់កងបី ឆាប់បាន ចាក់ផង (ចាក់លើកទី៣) ព្រោះខ្ញុំអ្នករត់កង់បី ចង់ចាក់ណាស់» ។ សម្ដេចតេជោ បានឆ្លើយថា «យើងនឹងខិតខំចាក់ ដោយផ្តើមចេញពីរាជធានីភ្នំពេញ នៅក្នុងខែតុលា ឆ្នាំ២០២១នេះ ។ បងប្អូនកង់បី និងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ជាអាទិភាព នៃការចាក់ជូនឲ្យបានឆាប់» ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបដូច្នេះ បន្ទាប់ពីសម្ដេច បានបង្ហោះលើទំព័ហ្វេសប៊ុកផ្ទាល់របស់សម្ដេច នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដោយសម្ដេចមានប្រសាសន៍ថា៖ ថ្ងៃនេះ បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជាមួយភរិយាជាទីស្រឡាញ់ ។ (តែពីរនាក់បានហើយយាយនិងតា) នៅទូទាំងប្រទេសចាក់ដូសទី៣ ឬដូសជំរុញបាន ប្រមាណជិត ៧៨ម៉ឺននាក់រួចទៅហើយ។ យើងនឹងបន្តការចាក់ដូសទី៣ ឱ្យបានគ្រប់ៗគ្នា សម្រាប់បងប្អូន ដែលបាន ចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយៈពេលពី៤ទៅ៦ខែ ៕ ដោយ វណ្ណលុក







