កិច្ចប្រជុំ គណៈកម្មការតម្រង់ទិស គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិស របស់គម្រោង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិស គម្រោងគាំទ្រសមា-ហរណកម្មតំបន់អាស៊ាន- ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ជាលើកទីពីរតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងស្ថាប័នពាក់ពាក់ព័ន្ធមួយចំនួនទៀត រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការ GIZ Cambodia និងនាយកគម្រោង ARISE Plus Cambodia។

ក្នុងសុទ្ទរកថាបើក ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការ បានសម្ដែងការកោតសសើរ និងថ្លែង
អំណរគុណ ដល់ក្រុមការងារគម្រោង ARISE Plus Cambodia សម្រាប់កិច្ចកិច្ចខិតខំប្រឹងប្រែងកន្លងមក និងកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោង ក្នុងវិស័យពាណិជ្ជកម្មនៅកម្ពុជា ។

ឯកឧត្តមបន្តថា កិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីរាយការណ៍ និងពិនិត្យមើលវឌ្ឍនៈភាពការងារ ដែលសម្រេចបានកន្លងមក ដែលមានសមាសភាគចំនួនបី ក្នុងនោះរួមមាន ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធគយ និងការសម្របសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាព ស្ថាប័ន និងការធ្វើឱ្យប្រសើរឡើង នូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួម ពីវិស័យឯកជន ពិសេស សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការត្រៀមខ្លួន សម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តលើសំណើគម្រោងស្រាវជ្រាវ ចំនួនពីរផងដែរ ដែលគម្រោងទី១ គឺការសិក្សាលទ្ធភាពនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងគម្រោងទី២ គឺការសិក្សាពីសក្តានុពល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។ ឯកឧត្តម សុខ សុភ័ក្រ្ត បានបញ្ជាក់ទៀតថា សំណើគម្រោងស្រាវជ្រាវទាំងពីរខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការងារអាទិភាពសម្រាប់ក្រសួងណិជ្ជកម្ម ស្របតាមការចង្អុលបង្ហាញ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានស្នើសុំឱ្យមានការចូលរួម ជាមតិយោបល់ពីតំណាងក្រសួង ស្ថាប័ន្ធដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ។

ក្នុងឱកាសនោះដែរ បន្ទាប់ពីក្រុមការងារ ARISE Plus Cambodia ធ្វើបទបង្ហាញពីវឌ្ឈនភាពការងារ និងសំណើគម្រោងស្រាវជ្រាវទាំងពីររួចមក កិច្ចប្រជុំក៏បានទទួលមតិយោបល់ល្អៗ ពីតំណាងក្រសួង ស្ថាប័ន ដែលបានចូលរួម និងបានការអនុម័ត លើគម្រោងស្រាវជ្រាវទាំងពីរ ដើម្បីអនុវត្តន៍រហូតដល់ចុងឆ្នាំ២០២៣ ។ ជាកិច្ចបញ្ជប ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ របស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមក្នុងការសហការអនុវត្តគម្រោងទាំងពីរ និងស្នើសុំឱ្យក្រុមការងារស្រាវជ្រាវ គម្រោងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ផ្តល់ធាតុចូលបន្ថែម លើឯកសារទស្សនៈទាន ដើម្បីឱ្យគម្រោងនេះមានភាពប្រឡាក់ក្រឡា និងគ្រប់ជ្រុងជ្រោយក្នុងពេលអនុវត្តន៍ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner