បើគ្មានការគាំទ្រថវិកា និងបច្ចេកទេស ពីអង្គការ UNFPA នោះទេ ការងារជំរឿនប្រជាជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ក៏មិនទទួលបានលទ្ធផលល្អដូចពេលនេះដែរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ Dr. Daniel Alemu អ្នកតំណាងអង្គការ មូលនិធិសហប្រជាជាតិ(UNFPA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈរូបលោក នឹងត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ។
លោក Dr. Daniel បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃដែលរូបលោក បានមកបេសកកម្មនៅកម្ពុជា ខែកក្កដា ឆ្នាំ២០១៨ UNFPA និងក្រសួងផែនការ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា លើកិច្ចរៀបចំដំណើរការការងារជំរឿន ទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៩ លើការងារថវិកា និងបច្ចេកទេស ដែលបានប្រព្រឹត្តទៅរហូតដល់បញ្ចប់ ប្រកបដោយជោគជ័យ គួរជាទីមោទនៈ ជាមួយគ្នានេះដែរ UNFPA ក៏បានសហការគ្នារៀបចំ គណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ(ICPD) កាលពីឆ្នាំ២០១៩ នៅប្រទេសកេនយ៉ា ដោយទទួលបានលទ្ធផលល្អប្រសើរផងដែរ ។ លោកទទួលស្គាល់ថា ក្រសួងផែនការ គឺជាក្រសួងដ៏ចាំបាច់ និងសំខាន់មួយ ក្នុងការកសាង រៀបចំផែនការ ជូនរាជរដ្ឋាភិបាល ក្នុងកិច្ចការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យបានរីកចម្រើនរុងរឿង ។
លោកបានបន្តថា ក្នុងនាមជាតំណាងរបស់ អង្គការUNFPA នៅកម្ពុជា រូបលោកបានបំពេញភារកិច្ចចូលរួមដឹកនាំ កិច្ចសហប្រតិបត្តិការ គាំទ្រដល់ដំណើរការអភិវឌ្ឍន៍ នៅព្រះរាជាណាចក្រកម្ពុជា ហើយរូបលោក សង្ឃឹមថា តំណាងUNFPAថ្មី ដែលនឹងបំពេញភារកិច្ចបន្តពីរូបលោក នឹងនៅតែបន្តអនុវត្តកិច្ចសហប្រតិបត្តិការដ៏ល្អ កាន់តែរឹងមាំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ជាមួយក្រសួងផែនការផ្ទាល់តែម្តង ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក Daniel ឯកឧត្តមសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ លើលទ្ធផលការងារ ដែលសម្រេចកន្លងមក រវាងក្រសួងផែនការ និងអង្គការ UNFPA ។
ក្នុងចំណោមកិច្ចការធំៗជាច្រើន ដែលក្នុងឆ្នាំ ២០១៩ កន្លងមក ការងារជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ត្រូវបានអនុវត្តបញ្ចប់ ទៅប្រកបដោយលទ្ធផលល្អត្រចះត្រចង់ សម្រាប់ផ្តល់ជូនរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកប្រើប្រាស់ទិន្នន័យទាំងអស់ ។ ប្រសិនជាគ្មានការជួយគាំទ្រ គៀងគរថវិកា ជាពិសេស ឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេស ពីអង្គការ UNFPA នោះទេ ការងារធ្វើជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ក៏មិនទទួលបានលទ្ធផលល្អដូចពេលនេះដែរ។
ចំពោះកិច្ចសហប្រតិបត្តិការ រៀបចំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងការអភិវឌ្ឍ នៅប្រទេសកេនយ៉ា ឆ្នាំ២០១៩ និងការរៀបចំប្រារព្វទិវាប្រជាជនពិភពលោក លើកទី៣២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ទទួលបានលទ្ធផលល្អប្រសើរនេះ ក្នុងខណៈពេលដែលការរីករាលនៃជំងឺកូវីដ-១៩ កំពុងបន្តវាយលុក វាបានឆ្លុះបញ្ចាំងពីភាពជិតស្និទគ្នា សហការគ្នាយ៉ាងល្អ រវាងក្រសួងផែនការ និងអង្គការ UNFPA ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានថ្លែងនូវអំណរគុណ និងដឹងគុណ ចំពោះអង្គ-ការ UNFPA ដែលបានជួយក្នុងការធ្វើទំនើបកម្ម សម្ភារៈប្រើប្រាស់ ក្នុងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ កន្លងមក ស្របតាមការរីកចម្រើនរបស់ពិភពលោក ដែលវាបានជំរុញលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តផងដែរ ។
ជាចុងក្រោយ មុននឹងលោក Daniel ជម្រាបលា លោកបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំក្រោយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ អង្គការ UNFPA កំពុងសិក្សា ពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីជួយគាំទ្រ ដល់ដំណើរការនៃកិច្ចប្រជុំ ព្រមទាំង នឹងរៀបចំនូវការតាំងពិព័រណ៌ បង្ហាញពីសន្និសីទ ស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ហើយសង្ឃឹមថា ក្រសួងផែនការ នឹងលើកយកចំនុចនេះបញ្ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន នោះផងដែរ ។
ពាក់ព័ន្ធនឹងICPDនេះដែរ អង្គការUNFPA សូមសម្តែងនូវការអបអរសាទរ កោតសរសើរ និងគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងផែនការ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តកម្មវិធី កម្មភាព(ICPD) ព្រមទាំងបានរៀបចំបង្កើតឱ្យមានគណៈកម្មាធិការពិសេស តាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ។
ជាមួយនឹងរបៀបវារៈ នៃកំណែទម្រង់ស្ថិតិ អង្គការ UNFPA បានជួយរៀបចំទស្សនៈទាន ដោយបានផ្តល់យោបល់ជាច្រើន ហើយក្រសួងផែនការ នឹងត្រូវលើកយកទៅពិភាក្សា អនុម័ត ជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីបញ្ចប់ ដោយលោកសង្ឃឹមថា UNFPA នឹងនៅតែបន្តគាំទ្រ ឱ្យលេចចេញជារូបរាង និងបន្តគាំទ្រ អនុវត្តនាពេលបន្ទាប់ទៀត ៕




