អ្នកផ្ទុកមេរោគអេដស៍ជនពិការ និងចាស់ជរា២០២០គ្រួសារទទួលអំណោយកាកបាទក្រហមរាជធានីភ្នំពេញ
ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្ររួមមានអ្នកផ្ទុកមេរោគអេដស៍ ជនពិការ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង២០២០គ្រួសារ មកពីខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ បានទទួលអំណោយពីកាកបាទក្រហមរាជធានីភ្នំពេញ។
ក្នុងពិធីចែកអំណោយកាកបាទក្រហម នៅព្រឹកថ្ងៃទី២៨ ខែមករា នៅសាលាខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈគម្មាធិការការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ថ្លែងថា “នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមកចែកជូន បងប្អូនប្រជាពលរដ្ឋដែលមានជួបការខ្វះខាត ដែលកំពុងរស់នៅក្នុងខណ្ឌកំបូល និង២សង្កាត់ នៃខណ្ឌពោធិសែនជ័យ”។ ឯកឧត្តមបន្តថា សម្តេចប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ និងនៅជាមួយប្រជាពលរដ្ឋក្រីក្រជនរងគ្រោះ ទុរគតជនជានិច្ច។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ថ្លែងទៀតថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ មានដូចជា ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយ ទុរគតជន ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍/ ជំងឺអេដស៍ ជាពិសេសអន្តរាគមន៍ទាន់ពេលវេលាចំពោះមហន្តរាយ ផ្សេងៗ ដែលបានកើតឡើងក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ប្រជាពលរដ្ឋ២០២០គ្រួសារ ដែលមកទទួលអំណោយកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនៅថ្ងៃនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានអោយដឹងថា “គឺមានប្រជាពលរដ្ឋងាយរងគ្រោះចំនួន១៣០៧គ្រួសារ ទុរគតជន៤០០គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១២គ្រួសារ ចាស់ជរា២៥០គ្រួសារ និងជនពិការ៥២គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្គរ៣០គីឡូក្រាម មី១កេះ ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល៕ធ.ដ
ដោយ៖ វ៉េង សំបូរ, រូបភាពៈ បូរមី