រដ្ឋបាលខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុង ចំពោះការបង្ហោះ និងចែករំលែកបន្តនូវវីដេអូរឃ្លីបរបស់បុរសជនជាតិចិនម្នាក់ ដោយលើកឡើងថាបុរសនេះបានស្លាប់បាត់ជីវិត ដោយសារករណីជំងឺឆ្លងកូរ៉ូណានោះ គឺមិនមែនជាការពិតនោះទេ
រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា៖ នៅវេលាម៉ោង ០០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ក្រោយពីទទួលបានវីដេអូឃ្លីប ថាមានមនុស្សស្លាប់ដោយលើកដាក់ក្នុងរថយន្ត នៅកាស៊ីណូ ក្វាងទុង ហុងកុង ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការសាកសួរនៅកាស៊ីណូនោះ ដោយខាងកាស៊ីណូបានប្រាប់ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ មានជនជាតិចិនឈ្មោះ Yu Yongxin ភេទប្រុស អាយុ៥៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E92602570 មកពីខេត្តគ័ង ចូវ ប្រទេសចិន បានមកស្នាក់នៅបន្ទប់ លេខ៨៨៣៣ នៃសណ្ឋាគារកាស៊ីណូក្វាងទុងហុងកុង លុះដល់វេលាម៉ោង ០០ និង៣០នាទីយប់ ថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២០ បុរសជនជាតិចិននោះមានអាការៈក្អក និងក្អួតធ្លាក់ឈាម ពេលនោះខាងកាស៊ីណូក៏បានបញ្ជូន គាត់ទៅព្យាបាលនៅគ្លីនិកចិន (ថៃខាង) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់។ បើតាមការបញ្ជាក់របស់គ្រូពេទ្យថា បុរសនោះមានជំងឺក្រព្រះ និងដាច់សរសៃឈាមក្នុងក្រពះទើបកួត ធ្លាក់ឈាម បច្ចុប្បន្នបុរសនោះមានសភាពធូស្រាលហើយ ដោយកំពុងស្នាក់នៅគ្លីនិកថៃខាង ដើម្បីព្យាបាលបន្តទៀត។
រដ្ឋបាលខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុង ចំពោះការបង្ហោះ និងចែករំលែកបន្តនូវវីដេអូរឃ្លីបរបស់បុរសខាងលើ ដោយលើកឡើងថាបុរសនេះបានស្លាប់បាត់ជីវិត ដោយសារករណីជំងឺឆ្លងកូរ៉ូណានោះ គឺមិនមែនជាការពិតនោះទេ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕ធ.ដ
វីដេអូ៖
https://www.facebook.com/preahsihanoukprovincialadministration/videos/531280467734205/